• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន ផ្តល់ជំនួយមនុស្សធម៌ជូនដល់វីរកងទ័ពជួរមុខ

    ហ្វឺស ហ្វាយនែន ផ្តល់ជំនួយមនុស្សធម៌ជូនដល់វីរកងទ័ពជួរមុខ

    Posted on: Jan 11, 2026

    រាជធានីភ្នំពេញថ្ងៃទី ១២ ខែមករា ឆ្នាំ៖ ក្នុងស្មារតីសាមគ្គីជាតិ និងការទទួលខុសត្រូវផ្នែកសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បាននាំយក​ជំនួយ​សប្បុរសធម៌​ជូន​ដល់វីរកងទ័ព​ជួរ​មុខ​សម្រាប់​ទិសដៅ ៣ផ្សេងគ្នា ដែលរួមមានថវិកាជាសាច់ប្រាក់ចំនួន ៦២ លានរៀល ម៉ូតូចំនួន ២ គ្រឿង និងខោអាវរងាចំនួន ៦០០ ឈុត ។
    ជំនួយនេះត្រូវបានផ្តល់ក្នុងពេលវេលាដ៏សមស្រប ខណៈដែលទាហានជួរមុខកំពុងបំពេញភារកិច្ចក្នុងកិច្ចការការពារជាតិ ហើយតំបន់ជួរមុខទាំងនោះកំពុងប្រឈមនឹងអាកាសធាតុចុះត្រជាក់ ដែល​អាច​ប៉ះពាល់​ដល់សុខភាពរបស់យុទ្ធជន ។ ការផ្តល់នូវជំនួយឧបត្ថម្ភរបស់គ្រឹះស្ថាន បានបញ្ជាក់ពីការផ្សារភ្ជាប់គ្នារវាងប្រជាជននៅសមរភូមិក្រោយ និងយុទ្ធជនដែលនៅសមរភូមិមុខ ។ វាក៏បានស្តែងចេញពីការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កំលាំងកាយចិត្តរបស់វីរកងទ័ពក្នុងកិច្ចការការពារបូរណភាពដែនដីកម្ពុជាយើង ។

    ថវិកាជាសាច់ប្រាក់នឹងជួយគាំទ្រដល់តម្រូវការចាំបាច់ប្រចាំថ្ងៃ ខណៈដែលម៉ូតូទាំងពីរគ្រឿងនឹងជួយសម្រួលដល់ការធ្វើដំណើរផ្ទាល់ខ្លូន និងសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហាររបស់អង្គភាព ។ ចំណែក​ខោអាវ​ការពារអាកាសធាតុត្រជាក់ និងសើម ត្រូវបានរៀបចំឡើងដើម្បីជួយការពារសុខុមាលភាព និងកាត់បន្ថយហានិភ័យជំងឺរបស់វីរកងទ័ពក្នុងរដូវនេះ។

    លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ របស់ ហ្វឺស ហ្វាយនែន បានមានប្រសាសន៍ថា ជំនួយឧបត្ថម្ភនេះមានទំហំតូចណាស់ បើប្រៀបធៀបទៅនឹងការលះបង់ដែលវីរកងទ័ពរបស់យើង បានបំពេញនាពេលកន្លងមកនេះ ក្នុងការធានាឱ្យបានសន្តិសុខ និងស្ថិរភាពជាតិ ។ យើងខ្ញុំសង្ឃឹមថា ជំនួយទាំងនេះនឹងចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការសម្រួល​ការលំបាក​របស់​វីរកងទ័ព​យើង​បាន​មួយ​កម្រិត ។

    “ ឆ្លងកាត់សង្គ្រាមពីរដងនេះ បានធ្វើឱ្យយើង ស្គាល់ពីតម្លៃពិតប្រាកដនៃសន្តិភាព មិនតែប៉ុណ្ណោះវាបានជំរុញនូវការឯកភាពជាតិកាន់តែខ្ពស់ឡើង ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួង​ដល់វត្ថុសក្តិសិទ្ធ​ទាំងអស់ ជួយថែរក្សាពួកគាត់ឱ្យមានសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ ” លោក ស៊ីម សេនាជាតិ បានបញ្ជាក់ ។

    តំណាងវីរកងទ័ព បានសម្តែងការកោតសរសើរ និងអរគុណចំពោះការឧបត្ថម្ភបានទាន់ពេលវេលា លោកបានលើកឡើងថា លោកពិតជាមានសេចក្តីរំភើប​ជាពន់ពេកដែលបានឃើញការ​ចូលរួមយ៉ាងសស្រាក់​សស្រាំ​ពី​សំណាក់​បងប្អូនដែលនៅសមរភូមិក្រោយ ហើយការចូលរួមនេះ មានតួនាទីសំខាន់ក្នុងការពង្រឹងស្មារតី កម្លាំងចិត្ត និងភាពរឹងមាំរបស់វីរកងទ័ពរបស់យើងពិតមែន ។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍសង្គម និងជាតិ តាមរយៈការលើកកម្ពស់សុខុមាលភាពសហគមន៍ និងការគាំទ្រដល់វីរកងទ័ព ដើម្បីរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជាឱ្យមានស្ថិរភាពរឹងមាំ ។
     

    ចែករំលែកទៅកាន់: