• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • បច្ចេកទេស ១០ យ៉ាងដើម្បីជ្រើសរើសផ្លូវជីវិត និងអាជីព

    បច្ចេកទេស ១០ យ៉ាងដើម្បីជ្រើសរើសផ្លូវជីវិត និងអាជីព

    Posted on: Sep 03, 2026

    អបអរសាទរ! ការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យគឺជាសមិទ្ធផលដ៏ធំមួយ។ ប៉ុន្តែឥឡូវនេះ សំណួរដ៏សំខាន់មួយទៀតបានមកដល់៖«តើខ្ញុំគួររៀនជំនាញអ្វី ហើយតើខ្ញុំគួរជ្រើសរើសអាជីពអ្វី?»
    អ្នកមិនចាំបាច់រៀបចំផែនការរៀបចំជីវិតទាំងមូលឱ្យហើយនៅថ្ងៃនេះនោះទេ។ ការជ្រើសរើសដំបូងរបស់អ្នកគឺជាទិសដៅ—មិនមែនជាការសម្រេចចិត្តដែលកំណត់ជោគវាសនាមួយជីវិតរបស់អ្នកនោះឡើយ។
    ១. ស្គាល់ខ្លួនឯងជាមុនសិន 
    មុននឹងជ្រើសរើសជំនាញរៀន ឬអាជីព ចូរ សួរខ្លួនឯងថា៖
    •    តើមុខវិជ្ជាអ្វីខ្លះដែលខ្ញុំចូលចិត្ត?
    •    តើខ្ញុំពូកែខាងអ្វីខ្លះពីធម្មជាតិ?
    •    តើខ្ញុំចូលចិត្តធ្វើការជាមួយមនុស្ស លេខ បច្ចេកវិទ្យា គំនិត ឬការងារអនុវត្តជាក់ស្តែង?
    •    តើខ្ញុំចូលចិត្តធ្វើការនៅក្នុងការិយាល័យ ទៅខាងក្រៅ ឬក្នុងបរិយាកាសច្នៃប្រឌិត?
    •    តើបញ្ហាប្រភេទណាដែលខ្ញុំចូលចិត្តដោះស្រាយ?
    ចំណង់ចំណូលចិត្ត និងចំណុចខ្លាំងរបស់អ្នកគឺជាចំណុចចាប់ផ្តើមដ៏ល្អ។
    ២. កុំជ្រើសរើសតាមមិត្តភក្តិ
    មិត្តភក្តិរបស់អ្នកប្រហែលជាចង់រៀនពេទ្យ ព័ត៌មានវិទ្យា (IT) ធុរកិច្ច ឬវិស្វកម្ម—ប៉ុន្តែវាមិនមែនមានន័យថាវាស័ក្តិសមសម្រាប់អ្នកនោះទេ។ អាជីពរបស់អ្នកគឺជាដំណើរជីវិតរបស់អ្នក។
    ចូរជ្រើសរើសផ្អែកលើចំណង់ចំណូលចិត្ត សមត្ថភាព គោលដៅ និងកាលៈទេសៈផ្ទាល់ខ្លួន ។
    ៣. មើលឱកាសនាពេលអនាគត 
    កុំសួរត្រឹមតែថា «តើខ្ញុំចូលចិត្តអ្វី?» ប៉ុន្តែត្រូវសួរផងដែរថា៖ «តើមនុស្សនឹងត្រូវការជំនាញនេះនៅពេលអនាគតដែរឬទេ?» ស្វែងយល់ពីអាជីពដែលទាក់ទងនឹង៖
    •    បច្ចេកវិទ្យា និងជំនាញឌីជីថល
    •    ហិរញ្ញវត្ថុ និងគណនេយ្យ
    •    វិស្វកម្ម និងជំនាញបច្ចេកទេស
    •    សុខាភិបាល
    •    អប់រំ
    •    កសិកម្ម និងបច្ចេកវិទ្យាអាហារ
    •    ធុរកិច្ច និងសហគ្រិនភាព
    •    រចនា និងឧស្សាហកម្មច្នៃប្រឌិត
    •    ទិន្នន័យ និងជំនាញវិភាគ
    •    ការងារទាក់ទងនឹងអាជីវកម្មបៃតង និង បរិស្ថាន
    ជម្រើសល្អបំផុតជារឿយៗស្ថិតនៅចំណុចប្រសព្វរវាងចំណង់ចំណូលចិត្តរបស់អ្នក និងឱកាសក្នុងពិភពពិត។
    ៤. ជំនាញអាចមានសារៈសំខាន់ជាងសញ្ញាបត្រ
    សញ្ញាបត្របរិញ្ញាបត្រអាចមានតម្លៃ ប៉ុន្តែកុំគិតថាសញ្ញាបត្រតែមួយមុខអាចធានាបាននូវអាជីពជោគជ័យនោះឡើយ។
    ចូរអភិវឌ្ឍជំនាញអនុវត្តជាក់ស្តែងស្របគ្នានឹងការសិក្សារបស់អ្នកដូចជា៖
    •    ការប្រាស្រ័យទាក់ទងភាសាអង់គ្លេស
    •    ការយល់ដឹងផ្នែកឌីជីថល (Digital literacy)
    •    កម្មវិធី Microsoft Office និងឧបករណ៍បង្កើនផលិតភាព
    •    ការវិភាគទិន្នន័យ
    •    ជំនាញធ្វើបទបង្ហាញ
    •    ការគិតបែបស៊ីជម្រៅ (Critical thinking)
    •    ការដោះស្រាយបញ្ហា
    •    ការប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុម
    •    ចំណេះដឹងផ្នែកហិរញ្ញវត្ថុ
    •    ជំនាញ AI និងបច្ចេកវិទ្យា
    សញ្ញាបត្រ + ជំនាញអនុវត្តជាក់ស្តែង + បទពិសោធន៍ = ការរៀបចំអាជីពកាន់តែរឹងមាំ។
    ៥. រៀនភាសាអង់គ្លេស និងជំនាញឌីជីថល 
    មិនថាក្នុងអាជីពណាក៏ដោយ ការប្រាស្រ័យទាក់ទង និងបច្ចេកវិទ្យានឹងក្លាយជាផ្នែកមួយនៃការងាររបស់របស់មនុស្សនាសម័យបច្ចុប្បន្ន និងអនាគត។
    ការអភិវឌ្ឍភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ការប្រាស្រ័យទាក់ទងឌីជីថល និងសមត្ថភាពប្រកបដោយការទទួលខុសត្រូវក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត អាចបើកឱកាសកាន់តែច្រើនសម្រាប់អ្នក។
    ៦. និយាយជាមួយមនុស្សដែលកំពុងធ្វើការងារនោះផ្ទាល់ 
    កុំជ្រើសរើសអាជីពដោយផ្អែកលើអ្វីដែលអ្នកឃើញនៅលើបណ្តាញសង្គមតែមួយមុខ។
    ចូរនិយាយជាមួយ៖
    •    អ្នកជំនាញក្នុងវិស័យ
    •    លោកគ្រូ អ្នកគ្រូ
    •    សាស្ត្រាចារ្យសាកលវិទ្យាល័យ
    •    សមាជិកគ្រួសារ
    •    អ្នកប្រឹក្សាយោបល់អាជីព
    •    មនុស្សដែលកំពុងធ្វើការក្នុងឧស្សាហកម្មដែលអ្នកចាប់អារម្មណ៍
    ៧. សាកល្បងធ្វើ មុននឹងសម្រេចចិត្តច្បាស់លាស់ 
    ប្រសិនបើអ្នកមិនច្បាស់លាស់ទេ ចូរធ្វើការសាកល្បង ដូចជា រៀនវគ្គខ្លីៗ ចូលរួមខ្លឹប ចុះស្ម័គ្រចិត្ត ចូលរួមសិក្ខាសាលា ឬធ្វើគម្រោងតូចៗ។
    ឧទាហរណ៍៖
    •    ចាប់អារម្មណ៍លើការសរសេរកូដ (Programming)? ចូរសាកល្បងបង្កើតគេហទំព័រសាមញ្ញមួយ។
    •    ចាប់អារម្មណ៍លើអាជីវកម្ម? ចូរសាកល្បងធ្វើគម្រោងអាជីវកម្មតូចមួយ។
    •    ចាប់អារម្មណ៍លើការឌីហ្សាញ? ចូរសាកល្បងបង្កើតការរចនាបន្តិចបន្តួច។
    •    ចាប់អារម្មណ៍លើហិរញ្ញវត្ថុ? ចូររៀនអំពីការរៀបចំថវិកាមូលដ្ឋាន និងការវិភាគហិរញ្ញវត្ថុ។
    •    ចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ? ចូរសាកល្បងធ្វើវីដេអូខ្លី ឬផតខាស (Podcast)។
    ការធ្វើសកម្មភាពគឺជាវិធីលឿនបំផុតក្នុងការស្វែងរកអ្វីដែលយើងចូលចិត្ត។
    ៨. កុំមើលរំលងជំនាញទន់ (Soft Skills) 
    ចំណេះដឹងផ្នែកបច្ចេកទេសអាចផ្តល់ឱកាសឱ្យយើង—ប៉ុន្តែជំនាញទន់នឹងជួយឱ្យយើងរីកចម្រើន។
    ចូរអភិវឌ្ឍលើចំណុចខាងក្រោមនេះ៖
    •    ការប្រាស្រ័យទាក់ទង
    •    វិន័យ 
    •    ការធ្វើការជាក្រុម 
    •    សមត្ថភាពបត់បែន 
    •    ការដោះស្រាយបញ្ហា 
    •    ភាពជាអ្នកដឹកនាំ
    ៩. គិតអំពីការតថភាពហិរញ្ញវត្ថុរបស់អ្នក 
    ការជ្រើសរើសអាជីពក៏ជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផងដែរ។
    មុននឹងចុះឈ្មោះចូលរៀនក្នុងកម្មវិធីណាមួយ ចូរពិចារណា៖
    •    ថ្លៃសិក្សា
    •    ជីវភាពរស់នៅ
    •    រយៈពេលដែលអ្នកត្រូវរៀន
    •    ឱកាសអាហារូបករណ៍
    •    ឱកាសអាជីពការងារដែលអាចកើតមាន
    ចូរជ្រើសរើសផ្លូវដែលមានគោលដៅធំ ប៉ុន្តែក៏មានភាពប្រាកដនិយមផងដែរ។
    ១០. ចងចាំថា៖ ជម្រើសដំបូងរបស់អ្នក មិនមែនជាគោលដៅចុងក្រោយរបស់អ្នកឡើយ 
    មនុស្សជោគជ័យជាច្រើនបានផ្លាស់ប្តូរអាជីព រៀនជំនាញថ្មីៗ ឬស្វែងរកឃើញចំណង់ចំណូលចិត្តថ្មីនៅពេលក្រោយក្នុងជីវិត។ អ្នកមិនចាំបាច់ដឹងច្បាស់ថាតើអ្នកនឹងទៅដល់ណាត្រឹមអាយុ ៣០ ឆ្នាំនោះទេ។
    សម្រាប់ពេលនេះ ចូរផ្តោតលើការជ្រើសរើសទិសដៅដ៏ល្អមួយ បង្កើតជំនាញដែលមានប្រយោជន៍ ក្រេបយកបទពិសោធន៍ និងរក្សាភាពចង់ដឹងចង់ឃើញ។

    ចែករំលែកទៅកាន់: