ការចាប់ផ្តើមជាថ្មី របស់ ហ្វឺស ហ្វាយនែនខ្ញុំសូមចាប់ផ្តើមអារម្ភកថារបស់ខ្ញុំ នៅក្នុងរបាយការណ៍នេះ ដោយសម្តែងការកោតសរសើរ និងអរគុណទៅដល់ថ្នាក់គ្រប់គ្រង និងភាគទុនិករបស់ ហ្វឺស ហ្វាយនែន ដែលបានទទួលតំណែងនេះអស់រយៈពេលពីរឆ្នាំកន្លះមកនេះ ។ នៅក្នុងឆ្នាំ ២០២៤ ក្រុមការងារទាំងមូលបានវិនិយោគនូវកំលាំងកាយចិត្តក្នុងការកែលម្អប្រតិបត្តិការ បង្កើនផលបត្រឥណទាន និងចំនួនអតិថិជន បង្កើនមូលនិធិបំណុល បង្កើតការងារថ្មីជាច្រើន បង្កើនបណ្តាញសាខា និងពង្រឹងការគ្រប់គ្រងលើហានិភ័យឥណទាន និងអាជីវកម្មប្រសើរជាងមុន ។ការពង្រឹងមូលដ្ឋានគ្រឹះថ្មី ដែលកាន់តែធំជាង និងជោគជ័យជាងមុនកើតឡើងស្របពេល ដែលស្ថាប័នមានអាយុកាល ១៥ ឆ្នាំ។ ដូច្នេះ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងមានសេចក្តីសោមនស្សយ៉ាងខ្លាំងដែលនៅពេលភាពជោគជ័យនេះមកដល់ ស្របពេលជាមួយខួបលើកទី ១៥ ឆ្នាំ របស់យើង។លទ្ធផលដ៏គាប់ប្រសើរក្នុងឆ្នាំ ២០២៤លទ្ធផលក្នុងឆ្នាំ ២០២៤ បានបង្ហាញពីកំណើនផលបត្រឥណទានជិត ៩០លានដុល្លារ ជាមួយចំនួនអតិថិជនប្រមាណ ៩.០០០នាក់ ដែលកើនជិត ១៥% បើធៀបឆ្នាំ ២០២៣ ។ ត្បិតតែតួរលេខនៃការកើនឡើងនេះតិច បើធៀបនឹងឆ្នាំមុន ប៉ុន្តែវាក៏ជាកំណើនមួយគួរឱ្យកត់សម្គាល់សម្រាប់ស្ថានភាពសេដ្ឋកិច្ចបែបនេះ និងបើធៀបទៅនឹងស្ថាប័នស្ថិតនៅក្នុងវិស័យតែមួយ ។ ប្រាក់ចំណេញសុទ្ធរបស់ស្ថាប័នបានកើតដល់ ១ លានដុល្លារ នាំឱ្យផលលើទ្រព្យសកម្មកើនដល់ជាង១% និងផលលើមូលធនកើនជាង ៦% វាមានភាពប្រសើរច្រើនបើធៀបទៅឆ្នាំមុន ។ លទ្ធផលនេះបានបង្ហាញពីការពង្រីកខ្លួនរបស់ ហ្វឺស ហ្វាយនែន ប្រកបដោយស្ថិរភាព និងបានជះឥទ្ធិពលទៅដល់សង្គម និងសុខមាលភាពរបស់អតិថិជន ដែលពាក់កណ្តាលនៃពួកគាត់មានចំណូលតិចជាង ៣០០ ដុល្លារក្នុងមួយខែ ហើយជិត ៩០%នៃអតិថិជនសរុប គឺជាស្ត្រី ។ នេះបានបង្ហាញយ៉ាងច្បាស់ថា ហ្វឺស ហ្វាយនែន បានផ្តល់នូវផលប៉ះពាល់ជាវិជ្ជមានយ៉ាងជាក់ច្បាស់ទៅលើវិស័យលំនៅឋានដែលមានតម្លៃសមរម្យទាំងមូលរបស់កម្ពុជា ។ការផ្តោតលើការគ្រប់គ្រង បរិស្ថាន និងសង្គម និងអភិបាលកិច្ច (ESG) ហ្វឺស ហ្វាយនែន នឹងបន្តផ្តោតលើការសម្រេចគោលដៅ ESG និងបានដាក់ការតាមដានលើកិច្ចខិតខំប្រឹងប្រែងទាំងនោះ យ៉ាងជិតស្និទ្ធ ក្រោមការទទួលខុសត្រូវរបស់គណៈកម្មការដឹកនាំកិច្ចការនិរន្តរភាពដែលត្រូវបានបង្កើតនាពេលកន្លងមកនេះ។ គណៈកម្មការនេះ នឹងត្រួតពិនិត្យលើការកំណត់ឲ្យបានជាក់លាក់លើសូចនករណ៍សមិទ្ធផលសំខាន់ៗ ដែលទាក់ទងនឹង ESG ក៏ដូចជាការណែនាំឧបករណ៍វាយតម្លៃ និងតាមដានជាច្រើន ដែលជួយដល់ការសម្រេចលើគោលដៅទាំងនោះ។ ក្រុមប្រឹក្សាភិបាលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះវាគឺជាកិច្ចការដ៏សំខាន់ដែល ហ្វឺស ហ្វាយនែន បានរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបំភាយចេញពីសកម្មភាពប្រតិបត្តិការរបស់ខ្លួន ក៏ដូចជារបស់អតិថិជនផងដែរ។ ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ស្តែងចេញតាមរយៈការទទួលបាននូវត្រាពណ៌ទឹកក្រូចពីដៃគូយើង IIX ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការចូលរួមលើកស្ទួយសមភាពយេនឌ័រ និងចីរភាពបរិស្ថាន។→ ស្វែងយល់បន្ថែមពី orange seal នៅលើ www.orangemovement.globalកំណើនតម្រូវការទីផ្សារឥណទានលំនៅឋានខ្នាតតូចទោះបីយើងមើលឃើញថាមានប្រជាជនមួយចំណែកធំក្នុងរាជធានីភ្នំពេញ និងទីក្រុងធំៗផ្សេងទៀតមានជីវភាពធូរធារ ក៏ប៉ុន្តែក៏នៅមានប្រជាជនដែលមានចំណូលទាបរស់នៅតាមទីក្រុងទាំងនោះ និងតាមទីជនបទផងដែរ។ កម្ចីលំនៅឋានខ្នាតតូចដែលតម្រូវឱ្យបង់ប្រចាំខែតិច នៅតែមានតម្រូវការសម្រាប់ក្រុមគ្រួសារដែលចង់កែលម្អ សាងសង់ផ្ទះ ឬទិញផ្ទះដែលមានតម្លៃទាប ។ បើគិតពិចារណាទៅលើគម្លាតនៃទ្រព្យសម្បត្តិ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃដីធ្លី កិច្ចគាំទ្រដល់ក្រុមគ្រួសារដែលត្រូវការលំនៅឋានដែលមានតម្លៃសមរម្យ កាន់តែមានភាពសំខាន់ និងចាំបាច់ ។ គម្រោងផ្ទះដែលមានតម្លៃសមរម្យជាច្រើនត្រូវបានចាប់បើកដំណើរការដោយក្រុមហ៊ុនឯកជនមួយចំនួននៅភ្នំពេញ និងទីតាំងផ្សេងទៀត រួមទាំងវិធានការមួយចំនួនដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយៈការលើកទឹកចិត្តពន្ធ) ក្នុងគោលបំណងជម្រុញឱ្យមានកម្មសិទ្ធិលើផ្ទះសម្បែងដែលមានតម្លៃសមរម្យ។ នេះបានបង្ហាញឱ្យឃើញថា ចំណែកទីផ្សារក្នុងវិស័យផ្ទះមានតម្លៃសមរម្យកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន និងមានការលូតលាស់ ដែលវត្តមានរបស់ ហ្វឺស ហ្វាយនែន នៅតែដើរតួនាទីដ៏សំខាន់នៅក្នុងចំណែកទីផ្សារនេះ ។ ដូច្នេះ ហ្វឺស ហ្វាយនែន នឹងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងការកសាងស្ថិរភាពសេដ្ឋកិច្ចរបស់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលទាប ដោយបង្កើនវិសាលភាពក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុលំនៅឋានខ្នាតតូច ។ទស្សនៈវិជ្ជមានសម្រាប់ឆ្នាំ ២០២៥ សូមអរគុណដល់ការចូលរួមពីវិស័យឯកជន និងយុទ្ធនាការរបស់រាជរដ្ឋាភិបាល ព្រមជាមួយការរំពឹងទុកលើកំណើនសេដ្ឋកិច្ចក្នុងអត្រាចន្លោះពី ៥-៦% យើងខ្ញុំមានក្តីរំពឹងប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២៥ ខាងមុខ ។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពទីផ្សារជាក់ស្តែងត្រូវបានប្រឈមជាមួយការថយចុះប្រាក់ចំណូលរបស់គ្រួសារជាច្រើន បណ្តាលឱ្យមានការកាត់បន្ថយប្រាក់ចំណូលដែលអាចចំណាយបានក្នុងគ្រប់បិរបទសង្គម។ នៅកម្រិតស្ថាប័នក៏ប្រឈមនូវបញ្ហាមួយចំនួនផងដែរ ដូចជាបំណុលដែលមានថ្លៃដើមខ្ពស់ ការចំណាយលើហានិភ័យឥណទានខ្ពស់ ការប្រកួតប្រជែងកើនឡើងពីស្ថាប័នហិរញ្ញវត្ថុធំៗ និងវិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងសភាពទ្រឹង។ សម្រាប់ឆ្នាំ ២០២៥ កំណើនផលបត្រឥណទាននៅតែមានភាពចាំបាច់ និងរំពឹងខ្ពស់ជាងស្ថាប័នផ្សេងដែលស្ថិតក្នុងវិស័យតែមួយ ប៉ុន្តែអាចទាបបន្តិចបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ដើម្បីកាត់បន្ថយការជះឥទ្ធិពលពីបញ្ហាប្រឈមទាំងនេះ ចំណុចសំខាន់ ដែល ហ្វឺស ហ្វាយនែន ត្រូវធ្វើគឺបន្តផ្តោតលើការពង្រឹងកិច្ចការវាយតម្លៃហានិភ័យ ការកាត់បន្ថយការចំណាយប្រតិបត្តិការ ការបន្តសុពលភាពវិញ្ញាបនបត្រកម្រិតមាស លើកិច្ចការការពារអតិថិជន ការកសាងសមត្ថភាពបុគ្គលិក និងការពង្រីកតំបន់ប្រតិបត្តិការបន្ថែម។ ស្ថិតក្នុងឆ្នាំពិសេស ដែលយើងខ្ញុំអបអរសាទរខួប ១៥ ឆ្នាំ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លៃងអំណរគុណទៅដល់ក្រុមគ្រួសារអតិថិជន ដៃគូរផ្តល់ហិរញ្ញប្បទាន និងរាជរដ្ឋាភិបាលសម្រាប់ការបន្តគាំទ្រ និងសូមជូនពរដល់ក្រុមការងាររបស់ ហ្វឺស ហ្វាយនែន ទាំងអស់ឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ចសម្រាប់ឆ្នាំ ២០២៥ ខាងមុខ!
អាន សារពីប្រធានក្រុមប្រឹក្សាភិបាល ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣