• ខ្មែរ
  • EN
  • Shape

    សារប្រធាននាយកប្រតិបត្តិ

    មរតកនៃការផ្លាស់ប្រែ៖ ដប់ប្រាំឆ្នាំនៃការបង្កើនសមត្ថភាពគ្រួសារកម្ពុជា 

    នៅពេលដែលខ្ញុំគិតដល់ដំណើររបស់យើងខ្ញុំ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលទទួលបាន​នូវការជឿទុកចិត្តពីសំណាក់ក្រុមគ្រួសារអតិថិជន និងការគាំទ្រ​​​ឥតដាច់ពីគ្រប់ដៃគូ ។ ឆ្នាំនេះមិនគ្រាន់តែជាឆ្នាំគម្រប់ខួបទី ១៥ របស់យើងខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបង្ហាញពីការសមិទ្ធផល​បេសកកម្មរបស់យើងខ្ញុំ ក្នុងការត្រួសត្រាយផ្លូវ​ឆ្ពោះទៅរកកម្មសិទ្ធិនៃលំនៅឋាន សម្រាប់សហគមន៍ដែលមាន​លទ្ធភាព​តិចតួចក្នុងការទទួលបានសេវាកម្ចីលំនៅឋានខ្នាតតូចផ្លូវការ នៅ​ក្នុង​​ប្រទេសកម្ពុជា។

    សមិទ្ធផលយុទ្ធសាស្រ្តរបស់យើង

    បរិបទដែលយើងខ្ញុំកំពុងប្រតិបត្តិ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអនុវត្តការងារ។ សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ បានបង្ហាញឱ្យឃើញទាំងឱកាស និងបញ្ហប្រឈម។ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍កំណើនរបស់ខ្លួននៅ ៦,0%១ ប៉ុន្តែយើងខ្ញុំបានមើលឃើញពីការផ្លាស់ប្តូរគួរឱ្យកក់សម្គាល់នៅក្នុងវិស័យ។ ការនាំចេញទាំងមូលរបស់ប្រទេសកម្ពុជាបានកើនឡើង ១៦,៩ភាគរយ ក្នុងឆ្នាំ ២០២៤ ដែលមានតម្លៃជាទឹកប្រាក់ ២៦ពាន់លានដុល្លារ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈដែលទីផ្សារអចលនទ្រព្យ និងសំណង់ហាក់នៅមិនទាន់កំរើកនៅឡើយ ។ បន្ថែមពីនេះ ការព្រួយបារម្ភអំពីកំណើនបំណុលគ្រួសារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុផងដែរ។

    បើទោះបីប្រឈមនូវបញ្ហាទាំងនោះក៏ដោយ ក៏ម៉ូដែលក្នុងឯកទេសផ្តល់កម្ចីលំនៅឋានខ្នាតតូចរបស់ ហ្វឺស ហ្វាយនែន ហាក់មានភាពធន់យ៉ាងខ្លាំង។ យើងខ្ញុំនៅតែអាចរក្សាបានអនុបាតកម្ចីមិនដំណើរការនៅត្រឹម ៥,៩៥% ដែលទាបខ្លាំងបើធៀបនឹងវិស័យទាំងមូលមាន​កម្រិត​រហូតទៅដល់ ១៤,៧% ដែលនេះបានបញ្ជាក់អំពីភាពខ្លាំងរបស់​យើងខ្ញុំក្នុងដំណើរការវាយតម្លៃកម្ចី និងតម្រូវការជាមូលដ្ឋានសេវាកម្មរបស់យើងខ្ញុំ។

    នៅក្នុងសមិទ្ធផលប្រកបដោយយុទ្ធសាស្ត្រ យើងខ្ញុំផ្តោតលើការរីក​ចម្រើនប្រកបដោយគុណភាព ដោយសម្រេចបានកំណើនផលបត្រឥណទាន ១៤,៦៦% កើនដល់ ៨៩,៧២លានដុល្លារ ជាមួយការប្រកាន់ខ្ជាប់នូវវិន័យឥណទានយ៉ាងតឹងរ៉ឹង។ ជាការកត់សម្គាល់ ២៥% នៃឥណទានសរុបគឺជាកម្ចីទិញផ្ទះ និងសាងសង់ ៥៤% ជាកម្ចីកែលម្អលំនៅឋាន និង ១២% ជាកម្ចីទិញដីលំនៅឋានសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

    យើងខ្ញុំបានពង្រីកតំបន់ប្រតិបត្តិការ ដោយបើកដំណើរការសាខាថ្មី ២ទៀត គឺសាខាស្រុកសាមគ្គីមុនីជ័យ និងសាខាពញាឮ ដែលអនុញ្ញាតិ​ឱ្យយើងខ្ញុំបានផ្តល់សេវាកម្ចីទៅកាន់អតិថិជនបន្ថែមទៀតចំនួន ១.៦៦៧ គ្រួសារក្នុងឆ្នាំនេះ ដែលធ្វើឱ្យចំនួនអតិថិជនសរុបបាន​កើន​ដល់ ៩.២៤៥ គ្រួសារ។
    ​​​​​​​
    សមិទ្ធផលសង្គមរបស់យើងខ្ញុំ បានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ទង់មតិអតិថិជនឆ្នាំ ២០២៤ ដែលបានធ្វើឡើងក្រោមកិច្ចសហ​-​ប្រតិបត្តិការជាមួយ OikoCredit ។ របាយការណ៍បានបង្ហាញ​ថា អតិថិជនរបស់យើងខ្ញុំដែលបានកូនអាយុក្រោម ១៥ ឆ្នាំ ៧៩% នៃក្មេងទាំងនោះកំពុងតែសិក្សានៅក្នុងសាលារៀនយ៉ាងទៀតទាត់។ ៧៦% នៃអតិថិជនមានប្រាក់សន្សំ និង ៦៦% បានកែលម្អហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងបង្គន់អនាម័យ និងទឹកស្អាតឱ្យមានភាពប្រសើរឡើង ។

    →  អានបន្ថែមរបាយការណ៍ស្ទង់មតិអតិថជន ឆ្នាំ ២០២៤ នៅលើ  www.firstfinance.com.kh/reports

    មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើងខ្ញុំ គឺការផ្តោតទៅលើឧត្តមភាពក្នុងប្រត្តិបត្តិការ ។ យើងខ្ញុំប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងក្នុងប្រតិបត្តិការ រួមបញ្ចូលការកែសម្រួលគោលនយោបាយឥណទាន ការកែលម្អទៅដំណើរការដោះស្រាយឥណទាន ជាលទ្ធផលយើងខ្ញុំអាចរក្សាបាននូវគុណភាពឥណទានបានយ៉ាងល្អ បើទោះជួបបញ្ហារំជួយក្នុងសេដ្ឋកិច្ចក៏ដោយ ។ ការអនុវត្តគោលនយោបាយការពារទិន្នន័យ រួមជាមួយការបំពាក់ឧបករណ៍សុវត្ថិភាពដែលចាំបាច់បានធ្វើឱ្យប្រសិទ្ធភាព និងសុវត្ថិភាពទិន្នន័យ មានភាពប្រសើរឡើង។ខណៈដែលការពង្រឹងសមត្ថភាពស្ថាប័នត្រូវបានធ្វើឡើងតាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលជាង ៦៣ ម៉ោង ក្នុង ១ឆ្នាំ ទៅដល់បុគ្គលិកម្នាក់ៗ ។
    សមិទ្ធផលហិរញ្ញវត្ថុរបស់យើងនៅក្នុងឆ្នាំ ២០២៤ បង្ហាញពីការរក្សា​បាននូវកំណើន ដោយទ្រព្យសកម្មរបស់យើងខ្ញុំបានកើនដល់ ៩៣,២១ លានដុល្លារ កើន ៧,៣៤% ធៀបនឹងឆ្នាំមុន ។ ប្រាក់​ចំណេញសុទ្ធទទួលបាន ១,០២លានដុល្លារ ដែលកើនឡើង ៣៣០,៧៤% និងផលលើទ្រព្យសកម្មបានកើនដល់ ១,១៣% ។

    ការគាំទ្រអតិថិជន និងសហគមន៍របស់យើងខ្ញុំ

    បន្ថែមពីលើសមិទ្ធផលហិរញ្ញវត្ថុ យើងខ្ញុំបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់អតិថិជន ។ តាមរយៈយុទ្ធនាការដូចជាសៀវភៅរឿងភាគអមដោយរូបភាព ដែលមានចំណងជើងថា "ផ្ទះកក់ក្តៅ គ្រួសារសុខសាន្ត" យើងខ្ញុំបានផ្តល់ចំណេះដឹងសំខាន់ៗស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការខ្ចីប្រាក់ប្រកបដោយទំនួលខុសត្រូវ។ គោលដៅរបស់យើងខ្ញុំ គឺផ្តល់ឧបករណ៍ដែលពួកគាត់ត្រូវការ ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាមួយ​ព័ត៌មានគ្រប់គ្រាន់ ដើម្បីធានាថាការមានផ្ទះជាកម្មសិទ្ធិផ្ទាល់​ខ្លួន គឺ​ជា​ដំណើរផ្លាស់ប្តូរមួយប្រកប​ដោយស្ថិរភាព ។

    → សូមស្វែងយល់បន្ថែមអំពីរឿង "ផ្ទះកក់ក្តៅ គ្រួសារសុខសាន្ត" នៅលើ www.firstfinance.com.kh/financial-tip-in-comic-book

    ជាចំណែកនៃទំនួលខុសត្រូវផ្នែកសង្គម យើងខ្ញុំបានចូលរួមឧបត្ថម​ការសាងសង់អគារមត្តេយ្យសិក្សា សម្ភារសិក្សា និងកីឡា ព្រមទាំងឧបត្ថមការបោះពុម្ពផ្សាយសម្ភារអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ។
    កាលពី ១៥ ឆ្នាំមុន ហ្វឺស ហ្វាយនែន បានបដិសន្ធិឡើងដោយឈរលើគោលគំនិតដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយភាពអស្ចារ្យ នោះគឺ​គ្រួសារកម្ពុជាទាំងអស់ គួរតែមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រកប​ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។ នៅខណៈពេលដែលកំពុងអបអរ​សាទរ​ខួបលើកទី ១៥ យើងខ្ញុំក៏កំពុងធ្វើការប្តេជ្ញាចិត្តជាថ្មី​​ចំពោះចក្ខុវិស័យ  នោះគឺមិនត្រឹមតែជាការផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះ​ទេ ប៉ុន្តែគឺជាការសាងនូវមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងតដល់​ជំនាន់ក្រោយៗទៀត។

    នាឆ្នាំខាងមុខនេះ យើងប្រាកដជួបបញ្ហាប្រឈមជាក់ជាមិនខាន ប៉ុន្តែដោយមានមូលដ្ឋានគ្រឹះរឹងមាំ ក្រុមការងារដែលមាន​បទពិសោធន៍ និង​​ទិសដៅយុទ្ធសាស្រ្តច្បាស់លាស់ ខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់​យើងខ្ញុំក្នុងការបង្កើតតម្លៃអចិន្រ្តៃយ៍សម្រាប់ភាគីដែលពាក់ព័ន្ធទាំង​អស់របស់យើងខ្ញុំ។

    យើងខ្ញុំសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុម​ប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកដែលបានប្តេជ្ញាចិត្ត​ធ្វើ​ឱ្យ​បេសកកម្មរបស់​យើងក្លាយជាការពិត ។ យើងខ្ញុំក៏សូមថ្លែង​អំណរគុណចំពោះធនាគារជាតិនៃកម្ពុជាដែលបានផ្តល់នូវអនុសាសន៍ និងការណែនាំ ដៃគូផ្តល់ហិរញ្ញប្បទាន និងអតិថិជនទាំងអស់ ដែលបានផ្តល់ការជឿទុកចិត្ត ជាមួយក្តីសុបិនក្នុងការមាន​ផ្ទះ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេមកលើយើងខ្ញុំ។


    អាន សារពីប្រធាននាយកប្រតិបត្តិ ក្នុងរបាយការណ៍ឆ្នាំ ២០២៣