• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន ត្រូវបានរំលេចនៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ របស់ PIDG និង GuarantCo

    ហ្វឺស ហ្វាយនែន ត្រូវបានរំលេចនៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ របស់ PIDG និង GuarantCo

    Posted on: Jul 22, 2026

    ហ្វឺស ហ្វាយនែន មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ ដែលបោះពុម្ពផ្សាយដោយ ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) និងក្រុមហ៊ុន GuarantCo ដែលការណ៍នេះរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរបស់យើងក្នុងការប្រកាសពង្រីកហិរញ្ញវត្ថុប្រកបដោយចីរភាព និងឱកាសទទួលបានលំនៅឋានដែលមានតម្លៃសមរម្យនៅកម្ពុជា។

    របាយការណ៍នេះបង្ហាញពីតួនាទីរបស់ ហ្វឺស ហ្វាយនែន ក្នុងការធ្វើជាអ្នកត្រួសត្រាយផ្លូវលើដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយច្នៃប្រឌិត ដែលកៀរគរទុនវិនិយោគឯកជនរយៈពេលវែង ព្រមទាំងបង្កើតផលប៉ះពាល់សង្គម និងបរិស្ថានដែលអាចវាស់វែងបានសម្រាប់សហគមន៍ដែលខ្វះខាត។

    សមិទ្ធផលសំខាន់មួយដែលត្រូវបានរំលេចនៅក្នុងរបាយការណ៍នេះ គឺប្រតិបត្តិការហិរញ្ញវត្ថុលើកទីពីររបស់ ហ្វឺស ហ្វាយនែន ជាមួយ GuarantCo ដែលរួមមានការធានាលើការខកខានក្នុងការទូទាត់ប្រាក់ (Payment Default Guarantee) ចំនួន ១៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្ចីជាន់ខ្ពស់ (Senior Loan) ចំនួន ៥ លានដុល្លារអាមេរិក និងការបោះផ្សាយសញ្ញាប័ណ្ណជារូបិយវត្ថុក្នុងស្រុក (Local Currency Bond Issuance) ចំនួន ១១ លានដុល្លារអាមេរិក។ ប្រតិបត្តិការនេះបង្ហាញថា ការលើកកម្ពស់ឥណទានតាមយុទ្ធសាស្ត្រ អាចជួយបើកផ្លូវឱ្យការវិនិយោគពីស្ថាប័ន ពង្រឹងទីផ្សារដើមទុនក្នុងស្រុករបស់កម្ពុជា និងបង្កើនការទទួលបានហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ។

    ការគាំទ្រជាបន្តបន្ទាប់ពី PIDG និង GuarantCo ឆ្លុះបញ្ចាំងពីទំនុកចិត្តដែលស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិមានមកលើអភិបាលកិច្ចដ៏រឹងមាំ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រុងប្រយ័ត្ន ប្រតិបត្តិការហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ ហ្វឺស ហ្វាយនែន។

    ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈនវានុវត្តន៍

    ក្នុងនាមជាគ្រឹះស្ថានឯកទេសឈានមុខគេនៅកម្ពុជាលើផ្នែកហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ ហ្វឺស ហ្វាយនែន បន្តអភិវឌ្ឍរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលរក្សាតុល្យភាពរវាងចីរភាពពាណិជ្ជកម្ម និងលទ្ធផលអភិវឌ្ឍន៍ដែលអាចវាស់វែងបាន។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានាអន្តរជាតិ យើងកំពុងកាត់បន្ថយហានិភ័យវិនិយោគ ទាក់ទាញដើមទុនរយៈពេលវែង និងបង្កើតឱកាសថ្មីៗក្នុងការផ្តល់ហិរញ្ញប្បទានលំនៅឋានដែលមានគុណភាពសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម។

    ការបញ្ចូលចីរភាពទៅក្នុងគ្រប់ឥណទាន

    ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ត្រូវ បានបញ្ជ្រៀបចូលយ៉ាងស៊ីសង្វាក់គ្នានៅក្នុងប្រតិបត្តិការទាំងមូលរបស់ ហ្វឺស ហ្វាយនែន។ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម (ESMS) របស់យើង បានបញ្ចូលការពិចារណាលើផ្នែកបរិស្ថាន សង្គម និងសុខភាព & សុវត្ថិភាព (HSES) ទៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការផ្តល់កម្ចី ដើម្បីធានាបាននូវការវិនិយោគប្រកបដោយការទទួលខុសត្រូវ ការគ្រប់គ្រងហានិភ័យបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការអនុលោមតាមស្តង់ដារបរិស្ថាន និងសង្គមថ្នាក់អន្តរជាតិ។

    ក្របខ័ណ្ឌនេះជួយឱ្យយើងអាចគាំទ្រដល់ដំណោះស្រាយលំនៅឋាន ដែលមិនត្រឹមតែលើកកម្ពស់លក្ខខណ្ឌរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពធន់ទល់នឹងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុផងដែរ។

    ការផ្តល់ជូននូវផលប៉ះពាល់អភិវឌ្ឍន៍ដែលអាចវាស់វែងបាន

    ហ្វឺស ហ្វាយនែន នៅតែបន្តប្តេជ្ញាចិត្តក្នុងការវាស់វែងលទ្ធផលជាក់ស្តែងនៃហិរញ្ញប្បទានរបស់យើងខ្ញុំ តាមរយៈការវាយតម្លៃផលប៉ះពាល់ឯករាជ្យ។ របកគំហើញពីការអង្កេតអតិថិជនរបស់ស្ថាប័ន 60 Decibels បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានដែលផលិតផលរបស់យើងបានបង្កើតឡើងនៅក្នុងជីវភាពរស់នៅរបស់គ្រួសារកម្ពុជា។

    ផលប៉ះពាល់ដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យរួមមាន៖

    • ៩០% នៃកម្ចីលំនៅឋានតម្លៃសមរម្យបានផ្តល់ផលប្រយោជន៍ដល់អតិថិជនជាស្ត្រី ដែលជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ទី ៥៖ សមភាពយេនឌ័រ។
    • ៧៥% នៃផ្ទះដែលទទួលបានហិរញ្ញប្បទាន មានបញ្ចូលនូវលក្ខណៈពិសេសបង្កើនភាពធន់នឹងអាកាសធាតុ ដោយគាំទ្រដល់គោលដៅ SDG ទី ១១៖ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព។
    • គ្រួសាររាប់ពាន់ បានកែលម្អការទទួលបានលំនៅឋានដែលមានសុវត្ថិភាព ភាពជាប់បាត់យូរ និងតម្លៃសមរម្យ ដែលជួយពង្រឹងសុខុមាលភាពគ្រួសារ ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខហិរញ្ញវត្ថុរយៈពេលវែង។

    ដៃគូដែលទុកចិត្តសម្រាប់ការចម្រើនលូតលាស់ប្រកបដោយចីរភាព

    ការត្រូវបានរំលេចនៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ បានពង្រឹងតំណែងរបស់ ហ្វឺស ហ្វាយនែន ជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកវិនិយោគអន្តរជាតិ ដែលស្វែងរកទាំងវិធានការហិរញ្ញវត្ថុ និងផលប៉ះពាល់អភិវឌ្ឍន៍ដែលអាចវាស់វែងបាន។

    យើងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ PIDG និង GuarantCo សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។

    យើងកំពុងរួមគ្នាបង្ហាញថា ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយច្នៃប្រឌិត អាចបើកផ្លូវឱ្យការវិនិយោគ ពង្រឹងទីផ្សារដើមទុន និងពង្រីកការទទួលបានលំនៅឋានតម្លៃសមរម្យ—ដែលជួយកសាងសហគមន៍ឱ្យកាន់តែមានភាពធន់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចបរិយាបន្នរបស់ប្រទេសកម្ពុជា។

    ចែករំលែកទៅកាន់: