• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • សូមប្រុងប្រយ័ត្នខ្ពស់ចំពោះអន្ទាក់ "កម្ចីក្លែងក្លាយ" តាមបច្ចេកវិទ្យា!

    សូមប្រុងប្រយ័ត្នខ្ពស់ចំពោះអន្ទាក់ "កម្ចីក្លែងក្លាយ" តាមបច្ចេកវិទ្យា!

    Posted on: Jan 26, 2026

    នាពេលបច្ចុប្បន្ន ជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើតរូបភាពបោកបញ្ឆោតអតិថិជនតាមរយៈការផ្ដល់កម្ចីអនឡាញងាយៗ ដែលមើលទៅហាក់ដូចជាមានភាពទាក់ទាញ ប៉ុន្តែវាគឺជាអន្ទាក់គ្រោះថ្នាក់បំផុត។ ដើម្បីកុំឱ្យធ្លាក់ក្នុងការបោកប្រាស់នេះ និងដើម្បីការពារទ្រព្យសម្បត្តិរបស់លោកអ្នក សូមអនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោម៖
    ១. ហាមបង់ប្រាក់មុនដាច់ខាត
    គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់ មិនដែល តម្រូវឱ្យអតិថិជនបង់ប្រាក់កក់ ឬវេរលុយឱ្យមុន ក្រោមលេសថាជា "សេវារដ្ឋបាល" "ថ្លៃរត់ការឯកសារ" ឬ "ថ្លៃធានារ៉ាប់រង" ឡើយ។ បើគេឱ្យអ្នកវេរលុយឱ្យមុន នោះគឺជាការបោកប្រាស់ ១០០%។
    ២. ត្រួតពិនិត្យអាជ្ញាប័ណ្ណផ្លូវការ
    មុននឹងសម្រេចចិត្តខ្ចីប្រាក់ ត្រូវប្រាកដថាអ្នកខ្ចីតែពីគ្រឹះស្ថានដែលទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា ប៉ុណ្ណោះ។ ត្រូវមានអាសយដ្ឋានការិយាល័យច្បាស់លាស់ និងមានលេខទូរស័ព្ទទំនាក់ទំនងផ្លូវការ។ លោកអ្នកអាចសាកសួរបញ្ជាក់អំពីស្ថាប័នស្របច្បាប់តាមរយៈលេខទូរសព្ទ ០១៥ ៣៦៥ ២២២ របស់សមាគមនធានាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
    ៣. ប្រយ័ត្នការសន្យាខ្យល់ 
    កុំជឿលើការផ្សព្វផ្សាយកម្ចីដែលងាយស្រួលហួសពីការពិត ដូចជា៖ មិនឆែកប្រវត្តិរូប (CBC) មិនត្រូវការទ្រព្យបញ្ចាំ មិនត្រូវការអ្នកធានា ឬសន្យាថាបានលុយភ្លាមៗក្នុងប៉ុន្មាននាទី។ នេះគឺជាវិធីសាស្រ្តទាក់ជនរងគ្រោះឱ្យចូលអន្ទាក់។
    ៤. រក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន
    ហាមផ្ដល់លេខសម្ងាត់កាតធនាគារ (PIN) កូដ OTP ឬរូបថតអត្តសញ្ញាណប័ណ្ណទាំងសងខាង តាមរយៈការឆាត (Telegram Messenger ឬ WhatsApp) ទៅកាន់អ្នកដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។ ព័ត៌មានទាំងនេះអាចត្រូវបានគេយកទៅលួចចូលគណនីធនាគារ ឬប្រើប្រាស់ក្នុងផ្លូវខុស។
    ៥. ចាត់វិធានការជាបន្ទាន់
    រសិនបើលោកអ្នកដឹងថាខ្លួនឯងបានចាញ់បោក ឬកំពុងរងការគំរាមកំហែងពីក្រុមជនខិលខូចទាំងនេះ សូមប្រមូលភស្តុតាងទាំងអស់ ហើយរាយការណ៍ ឬប្ដឹងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈលេខទូរសព្ទ ០២៣ ៧២៦ ៨២២ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់។
     

    ចែករំលែកទៅកាន់: