ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់! ❤️🩸 ហ្វឺស ហ្វាយនែន រួមគ្នាសង្គ្រោះជីវិត
(ព័ត៌មាន CSR) រាជធានីភ្នំពេញ – នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបរិច្ចាគឈាមដ៏ធំមួយក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត”។
ព្រឹត្តិការណ៍មនុស្សធម៌នេះ រៀបចំឡើងដោយមានការសហការរវាង ធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងសមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (អគារខេមរានី) ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចូលរួមរបស់បុគ្គលិក ហ្វឺស ហ្វាយនែន ក្នុងថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការចូលរួមចំណែកទទួលខុសត្រូវចំពោះសង្គម (CSR) ផងដែរ។ តាមរយៈការបរិច្ចាគឈាមនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី សង្ឃឹមយ៉ាងមុតមាំថា នឹងបានក្លាយជាចំណែកមួយក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលកំពុងប្រឈមនឹងការខ្វះខាតឈាមក្នុងការព្យាបាល។
លើសពីនេះទៅទៀត គ្រឹះស្ថានក៏មានគោលបំណងចូលរួមជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់ និងអត្ថប្រយោជន៍នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតមនុស្ស។
ហ្វឺស ហ្វាយនែន តែងតែយកចិត្តទុកដាក់ និងចូលរួមក្នុងសកម្មភាពសង្គមនានាជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរឡើង៕
