ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ដាក់សម្ពោធបណ្ណាល័យថ្មី
សមិទ្ធផលថ្មីនៅក្នុងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម នឹងជួយពង្រីកឱកាសសិក្សា និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សនៅតាមជនបទ។
ខេត្តកំពង់ធំ, កម្ពុជា – ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ – លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យថ្មីមួយ នៅវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ក្នុងស្រុកសន្ទុក ។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យការបោះជំហានដ៏សំខាន់មួយក្នុងការបង្កើនលទ្ធភាពទទួលបានការអប់រំ និងធនធានចំណេះដឹងសម្រាប់សិស្សានុសិស្សនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។
គម្រោងនេះសម្រេចទៅបាន ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងការចូលរួមវិភាគទានពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការវិនិយោគទៅលើយុវជនកម្ពុជា និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការអប់រំ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដែលត្រូវបានចាត់ទុកជាចំណុចអាទិភាពសម្រាប់អនុវត្តនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណនៅគ្រប់ដំណាក់កាល។ លោកជំទាវបានកត់សម្គាល់ថា ការកសាងនិងការដាក់ឱ្យដំណើរការបណ្ណាល័យថ្មីខាងលើ បង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងការពង្រឹងធនធានមនុស្សប្រកបដោយចំណេះដឹងនិងសមត្ថភាព ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
នាឱកាសនោះដែរ លោកជំទាវទេសភិបាល ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ និងបានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ឱ្យចូលរួមជំរុញនិងគាំទ្រដល់ការសិក្សារបស់កូនៗ។ តាមរយៈការចូលរួម ពីក្រុមគ្រួសារ និងសហគមន៍ យើងនឹងអាចជួយបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាព ដើម្បីរួមចំណែកដល់វឌ្ឍនភាព និងការអភិវឌ្ឍជាតិកាន់តែរីកចម្រើននាពេលអនាគត។
ការគាំទ្រដល់ការអភិវឌ្ឍសិស្សគ្រប់ជ្រុងជ្រោយ
ទន្ទឹមនឹងការសម្ពោធបណ្ណាល័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ក៏បានឧបត្ថម្ភនូវសម្ភារកីឡា រួមមានបាល់ទាត់ និងបាល់ទះ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យចូលរួមក្នុងសកម្មភាពកាយសម្បទា ដែលជួយជំរុញដល់សុខភាព ការងារជាក្រុម និងការអភិវឌ្ឍខ្លួនប្រកបដោយតុល្យភាព រួមជាមួយការសិក្សា។
លំហសម្រាប់ចំណេះដឹង និងកាលានុវត្តភាព
អគារបណ្ណាល័យថ្មីនេះមានទំហំប្រមាណសរុប ១៨០ ម៉ែត្រការ៉េ ដោយទទឹង៩ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ត្រូវបានរចនាឡើងសម្រាប់បម្រើដល់ការអាន ការស្រាវជ្រាវ និងការសិក្សាជាក្រុម។ ជាមួយនឹងការតម្កល់នូវសៀវភៅចម្រុះជាច្រើន រួមមានឯកសារមេរៀនទូទៅ អក្សរសាស្ត្រ និងសៀវភៅគ្រប់គ្រងហិរញ្ញវត្ថុ បណ្ណាល័យនេះមានគោលបំណងបង្កើនឱកាសសិក្សាដល់សិស្សានុសិស្សក្នុងស្រុកសន្ទុក។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ីបានមានប្រសាសន៍ថា៖ «នៅ ហ្វឺស ហ្វាយនែន យើងខ្ញុំជឿជាក់ថា លំនៅឋានដែលរឹងមាំត្រូវតែកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃចំណេះដឹង។ ការគាំទ្រដល់បណ្ណាល័យនេះ គឺជាការវិនិយោគលើអនាគតរបស់គ្រួសារកម្ពុជា។ តាមរយៈការពង្រីកលទ្ធភាពទទួលបានធនធានអប់រំ យើងខ្ញុំជួយផ្តល់អំណាចដល់យុវជនជំនាន់ក្រោយឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ»។
អត្ថប្រយោជន៍សំខាន់ៗសម្រាប់សហគមន៍
• ការពង្រឹងលទ្ធភាពទទួលបានធនធានសិក្សា៖ បណ្ណាល័យផ្តល់នូវបរិយាកាសទំនើប និងស្ងប់ស្ងាត់ ដែលសិស្សអាចសិក្សា និងទទួលបានឯកសារអប់រំ ដែលកន្លងមកអាចមានកម្រិតនៅតាមតំបន់ជនបទ។
• ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ តាមរយៈការដាក់បញ្ចូលនូវឯកសារពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បណ្ណាល័យជួយឱ្យសិស្សានុសិស្សអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុដ៏ចាំបាច់សម្រាប់អនាគត។
• មជ្ឈមណ្ឌលសិក្សារបស់សហគមន៍៖ ក្នុងនាមជាទីតាំងស្នូលនៅក្នុងសាលា បណ្ណាល័យនឹងបម្រើសេវាកម្មដល់សិស្សរាប់ពាន់នាក់ ជំរុញឱ្យមានវប្បធម៌នៃការអាន ការចង់ដឹងចង់ឃើញ និងការសិក្សាពេញមួយជីវិត។
• ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន៖ គម្រោងនេះបង្ហាញពីរបៀបដែលកិច្ចសហការរវាងស្ថាប័នរដ្ឋ និងដៃគូវិស័យឯកជន អាចបង្កើតផលប៉ះពាល់ប្រកបដោយអត្ថន័យ និងនិរន្តរភាពសម្រាប់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីពិធីកាត់ខ្សែបូ ភ្ញៀវកិត្តិយសបានដើរទស្សនាសមិទ្ធផលអគារ និងពិនិត្យមើលការរៀបចំសៀវភៅ និងសម្ភារសិក្សាថ្មីៗ។ បណ្ណាល័យនេះតំណាងឱ្យនិមិត្តរូបនៃភាពជាដៃគូ និងវឌ្ឍនភាព ដែលជួយធានាថា សិស្សានុសិស្សក្នុងខេត្តកំពង់ធំមានធនធានគ្រប់គ្រាន់សម្រាប់ការសិក្សា រីកចម្រើន និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។
