គន្លឹះសន្សំសំចៃ ៤ យ៉ាង សម្រាប់ការសាងសង់ផ្ទះថ្មី
ការសាងសង់ផ្ទះថ្មីពិតជាត្រូវការចំណាយលុយច្រើនទៅលើសម្ភារៈចាំបាច់ផ្សេងៗ។ ហេតុនេះ សម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម ការសង់ផ្ទះគឺជាបន្ទុកហិរញ្ញវត្ថុដ៏ធំមួយ ហើយពួកគាត់តែងស្វែងរកវិធីគ្រប់គ្រងការចំណាយកុំឲ្យបង់លើសពីអ្វីដែលបានគ្រោងទុក។
វិធីសាស្រ្ត ៤ ចំណុច ដែលអាចជួយលោកអ្នកសន្សំសំចៃបានច្រើនក្នុងការសាងសង់ផ្ទះ៖
១. ការកែច្នៃសម្ភារៈសេសសល់
ចំណុចនេះជួយកាត់បន្ថយការចំណាយបានមួយកម្រិត។ សំដៅលើការយកគ្រឿងសំណង់ដែលនៅសល់មកប្រើប្រាស់ឡើងវិញ កុំទុកចោល។ ឧទាហរណ៍ ដែកដែលនៅសល់ អាចយកទៅចាក់គ្រឹះតូចតាចផ្សេងទៀត ឬថ្នាំលាបដែលនៅសល់តិចតួច អាចលាយបញ្ចូលគ្នាសម្រាប់លាបបង្កាន់ដៃជណ្ដើរ។ ទោះបីជា រឿងតូចតាច តែវាជួយសន្សំលុយបានមួយផ្នែក។
២. ជៀសវាងការខ្ជះខ្ជាយលើសម្ភារៈថ្លៃៗ
មូលហេតុចម្បងដែលធ្វើឲ្យម្ចាស់ផ្ទះចំណាយលើសគម្រោង គឺការជ្រើសរើសសម្ភារៈសំណង់ថ្លៃពេក។ សម្ភារៈដូចជា ឥដ្ឋការ៉ូ ដំបូល ទ្វារ ឬបង្អួច មិនចាំបាច់ទាល់តែយករបស់ថ្លៃខ្លាំងនោះទេ។ គួរជ្រើសរើសត្រឹមកម្រិតតម្លៃមធ្យម ដែលមានគុណភាពអាចទទួលយកបាន គឺគ្រប់គ្រាន់ហើយ ព្រោះសម្ភារៈថ្លៃខ្លះ ក៏មានគុណភាពប្រហាក់ប្រហែលនឹងសម្ភារៈតម្លៃមធ្យមដែរ។
៣. ស្វែងរកជាងជំនាញ និងតម្លៃច្បាស់លាស់
កំហុសមួយគឺការប្រញាប់ប្រញាល់រើសជាង ដោយមិនបានសាកសួរ ឬស្រាវជ្រាវឲ្យបានត្រឹមត្រូវ។ ការរើសជាងខុស ឬជាងដែលគ្មានជំនាញច្បាស់លាស់ (ធ្វើការតាមការស្មាន) នឹងធ្វើឲ្យម្ចាស់ផ្ទះហត់នឿយចិត្ត អស់លុយច្រើនលើសលុប ហើយអាចត្រូវជួសជុលឡើងវិញ។ ដូច្នេះ មុនពេលចាប់ផ្ដើម ត្រូវចំណាយពេលស្វែងរកជាងដែលមានទាំងគុណភាព និងតម្លៃសមរម្យ។
៤. ជ្រើសរើសជាងដែលមានបទពិសោធន៍
នៅពេលសាងសង់ផ្ទះថ្មី ការជួលជាងដែលមានបទពិសោធន៍គឺសំខាន់ណាស់។ ពួកគេដឹងច្បាស់ពីបច្ចេកទេសសន្សំសំចៃ អាចណែនាំម្ចាស់ផ្ទះថាតើគួរចំណាយលើអ្វី និងសន្សំលើអ្វី។ លើសពីនេះ ពួកគេអាចជួយការពារបញ្ហាបច្ចេកទេសផ្សេងៗ ដែលម្ចាស់ផ្ទះអាចនឹងមើលមិនឃើញជាមុន៕
