សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២៥ បានបង្ហាញនូវភាពធន់ ក្នុងអំឡុងពេលដែលមានភាពមិនប្រាកដប្រជានៃស្ថានភាពសកលលោក និងតំបន់។ ទោះបីជាសេដ្ឋកិច្ចបានបន្តរីកចម្រើនក្នុងរង្វង់ ៥% ក៏ដោយ ក៏វាបានរងផលប៉ះពាល់អវិជ្ជមានដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ ការដំឡើងពន្ធគយដោយសហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃតម្រូវការសកលលើវិស័យកាត់ដេរ ទេសចរណ៍ និងផលិតផលកសិកម្ម។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានរីករាលដាលទៅជាសមរភូមិ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។ កត្តានេះនាំឱ្យវិស័យទេសចរណ៍ក្នុងតំបន់ដែលរងផលប៉ះពាល់មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយពលករចំណាកស្រុកកម្ពុជាមួយចំនួនធំមិនអាចផ្ញើថវិកាមកជួយគ្រួសាររបស់ពួកគេបានដូចមុន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី មានការព្រួយបារម្ភចំពោះការវិវត្តទាំងនេះ ហើយបានចូលរួមជួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមដែលអាចធ្វើទៅបាន ប៉ុន្តែជាភ័ព្វសំណាង អតិថិជនរបស់យើងមិនមានការរងផលប៉ះពាល់ច្រើននោះទេ។
ខណៈពេលដែលវិស័យហិរញ្ញវត្ថុបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បច្ចុប្បន្នវិស័យនេះកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន ដែលបញ្ហាមួយក្នុងចំណោមនោះគឺ អត្រាឥណទានមិនដំណើរការ មានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ និងបញ្ហាមួយទៀតគឺវិស័យអចលនទ្រព្យ។ មូលហេតុគឺដោយសារមានការសាងសង់ផ្ទះច្រើនហួសហេតុក្នុងគម្រោងអភិវឌ្ឍន៍ថ្មីៗ ខណៈដែលតម្រូវការនៅមានកម្រិតតិចតួចនៅឡើយ ហើយហា-និភ័យសម្រាប់ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកទិញចុងក្រោយមានកម្រិតខ្ពស់។ ដោយសារមិនទាន់មានទីផ្សារសម្រាប់ផ្ទះដែលបានប្រើប្រាស់ហើយ ដូចនេះតម្លៃទ្រព្យបញ្ចាំមានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយហានិភ័យឥណទានសម្រាប់ធនាគារ។ ការរៀបចំឥណទានឡើងវិញនៅតែបន្តផ្តល់ជូនដល់អ្នកខ្ចីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែវាមិនប្រាកដថានឹងអាចកាត់បន្ថយហានិភ័យរបស់ពួកគេបានឡើយ ព្រោះជាទូទៅកម្រិតចំណូលរបស់គ្រួសារជាច្រើនមានការថយចុះ។ ហ្វឺស ហ្វាយនែន បានធ្វើប្រតិបត្តិការក្នុងវិស័យលំនៅឋានដែលមានតម្លៃសមរម្យ ដែលជាផ្នែកមួយរងផលប៉ះពាល់តិចតួចបំផុតនៃវិស័យអចលនទ្រព្យ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែប្រឈមមុខនឹងបញ្ហាឥណទានរៀបចំឡើងវិញចំពោះគ្រួសារដែលមានចំណូលធ្លាក់ចុះ និងឥណទានមួយចំនួនដែលបានផ្ដល់តាមរយៈអ្នកអភិវឌ្ឍន៍អចលនទ្រព្យកាលពីអតីតកាល នៅតែស្ថិតក្នុងស្ថានភាពខកខានការបង់ប្រាក់។
វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើមិនរាប់បញ្ចូលផលប័ត្រមីក្រូហិរញ្ញវត្ថុរបស់ធនាគារដែលទើបតែបានបំប្លែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេនោះ វិស័យនេះបានផ្តល់សេវាដល់អ្នកខ្ចីចំនួន ១,៥ លាននាក់ និងរក្សាបាននូវផលប័ត្រឥណទានចំនួន ៦,៥ ប៊ីលានដុល្លារអាមេរិក។ ចំណុចនេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃវិស័យនេះក្នុងការផ្តល់ឥណទានដល់គ្រួសារ និងអាជីវកម្មខ្នាតតូចដែលមិនទាន់ទទួលបានសេវាពេញលេញពីស្ថាប័នធនាគារពាណិជ្ជ។
លំនៅឋានតម្លៃសមរម្យនៅតែជាបញ្ហាប្រឈមដ៏ខ្លាំងក្លាមួយក្នុងចំណោមបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ក្នុងសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានការរីកសាយភាយនៃតំបន់ប្រជុំជនយ៉ាងឆាប់រហ័ស។ កំណើនប្រជាជន ជាមួយនឹងរចនាសម្ព័ន្ធប្រជាសាស្រ្តវ័យក្មេង ដែលភាគច្រើនចង់ចាប់ផ្តើមជីវិតគ្រួសារ និងផ្លាស់ទីមកកាន់រាជធានីភ្នំពេញ លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានលំនៅឋានរយៈពេលវែងរបស់ពួកគេនៅមានកម្រិត។ កត្តានេះបន្តបង្កើតឱ្យមានគម្លាតយ៉ាងខ្លាំងរវាងតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងផ្នែកលំនៅឋានតម្លៃសមរម្យ ដែលបង្ហាញថាឆ្នាំខាងមុខនឹងនៅតែផ្តល់ឱកាសទីផ្សារដ៏ធំសម្រាប់ ហ្វឺស ហ្វាយនែន។
ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយដែលបានឃើញថាគណៈគ្រប់គ្រងបានពង្រីកអាជីវកម្មដោយជោគជ័យក្នុងឆ្នាំ ២០២៥ តាមរយៈការបើកសាខាថ្មីចំនួន ៦ កន្លែង បម្រើអតិថិជនប្រមាណ ១២,០០០ នាក់ ដែលភាគច្រើនជាគ្រួសារដែលមានចំណូលទាប និងប្រកបអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន និងបានធ្វើឱ្យផលប័ត្រឥណទានកើនឡើងដល់ ១០០ លានដុល្លារអាមេរិក។ ការសម្រេចបាននូវទំហំផលប័ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់ក្នុងរយៈពេល ១៦ ឆ្នាំនៃប្រតិបត្តិការរបស់យើង។
នាយកគណៈគ្រប់គ្រងបានបន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគ្រប់គ្រងហានិភ័យ គោលដៅបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នវានុវត្តន៍ឌីជីថល និងជាពិសេសលើសេវាកម្មអតិថិជន។ លើសពីនេះ បានបង្ហាញឱ្យឃើញពីការកែសម្រួល និងកែលម្អគំរូអាជីវកម្មដោយជោគជ័យ ដើម្បីរក្សាតុល្យភាពរវាងកំណើនផលប័ត្រ និងការត្រួតពិនិត្យហានិភ័យ។
ដោយពិចារណាពិនិត្យឃើញថា ក្នុងអំឡុងឆ្នាំ ២០២៥ សេដ្ឋកិច្ចត្រូវបានប្រឈមដោយព្រឹត្តិការណ៍ម៉ាក្រូសេដ្ឋកិច្ច ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត ក៏ដូចជាគ្រឹះស្ថានមួយចំនួនដែលបានបំប្លែងខ្លួនជាធនាគារពាណិជ្ជរួចហើយនោះ ក៏មិនអាចពង្រីកអាជីវកម្មបានច្រើនដែរ ដូច្នេះការសម្រេចបាននូវសមិទ្ធផលក្នុងកម្រិតនេះរបស់ ហ្វឺស ហ្វាយនែន វាគឺជារឿងគួរឱ្យចាប់អារម្មណ៍ និងក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ភាពជោគជ័យបន្តទៅមុខទៀត។
ក្រឡេកទៅមើលឆ្នាំ ២០២៦ ទស្សនវិស័យរបស់កម្ពុជានៅតែមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្ន។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានស្ថិរភាព ខណៈដែលការកែទម្រង់រចនាសម្ព័ន្ធ ការបន្តវិនិយោគពីបរទេស និងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍នឹងជួយគាំទ្រដល់តម្រូវការក្នុងស្រុក។ ទោះបីជាហានិភ័យនៅតែមាន ដូចជាកម្រិតហានិភ័យឥណទានខ្ពស់ និងការផ្គត់ផ្គង់លើសតម្រូវការក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាពាណិជ្ជកម្មអន្តរជាតិដែលរងគ្រោះពីបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ប៉ុន្តែមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រទេសនឹងជួយឱ្យសេដ្ឋកិច្ចមានកំណើនសមរម្យក្នុងឆ្នាំ ២០២៦។
តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិក និងក្រុមការងារគ្រប់គ្រងទាំងអស់ ក្រុមគ្រួសារអតិថិជន ដៃគូផ្តល់មូលនិធិ និងធនាគារជាតិនៃកម្ពុជា ចំពោះការគាំទ្រជាបន្តបន្ទាប់ និងសូមជូនពរឱ្យ ហ្វឺស ហ្វាយនែន ទទួលបានជោគជ័យក្នុងឆ្នាំ ២០២៦!