• ខ្មែរ
  • EN
  • Shape

    សារប្រធាននាយកប្រតិបត្តិ

    គោរពជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ជាទីរាប់អាន!
    ឆ្នាំ ២០២៥ គឺជាទំព័រថ្មីដ៏សំខាន់មួយក្នុងដំណើររបស់ ហ្វឺស ហ្វាយ​នែន។ ក្នុងឆ្នាំនេះ យើងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងមួយ គឺការជំរុញផលប័ត្រឥណទានឱ្យហក់ហួស ១០០ លានដុល្លារអាមេរិក ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ បរិយាបន្នហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គមដែលអាចវាស់វែងបាន។ នៅពីក្រោយសមិទ្ធផលនេះ គឺមានគ្រួសារកម្ពុជាចំនួន ១១,៨៤៧ គ្រួសារ ដែលបច្ចុប្បន្នកំពុង​រីករាយជាមួយស្ថិរភាព សេចក្តីថ្លៃថ្នូរ និងឱកាសកាន់តែប្រសើរតាម​រយៈការមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន។

    កំណើនប្រកបដោយភាពធន់ក្នុងទីផ្សារដែលមាន​ការកែសម្រួល 
    ទោះបីជាមានការកែសម្រួលជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលន​ទ្រព្យ​ក៏​ដោយ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ នៅតែរក្សាបាននូវស្ថិរភាព ដោយទទួលបានការគាំទ្រពីការងើបឡើងវិញនៃវិស័យ​   សំខាន់ៗ។ ក្នុងបរិបទនេះ ហ្វឺស ហ្វាយនែន បានបង្ហាញពីកំណើនប្រកប​​ដោយវិន័យ និងប្រតិបត្តិការដែលមានភាពធន់។
    ផលប័ត្រឥណទានសរុបរបស់យើងខ្ញុំបានកើនឡើងដល់ ១០០,៤ លាន​ដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១១,៩% ធៀប​នឹងឆ្នាំមុន ខណៈដែលទ្រព្យសកម្មសរុបបានកើនឡើងដល់ ១០៧,៤ លានដុល្លារអាមេរិក។ យើងខ្ញុំសម្រេចបាននូវប្រាក់​ចំណេញក្រោយបង់ពន្ធចំនួន ១,០៦ លានដុល្លារអាមេរិក ដោយផ្តល់នូវអនុបាតចំណេញលើទ្រព្យសកម្ម (ROA) ១,០៦% និងអនុបាតចំណេញលើមូលធន (ROE) ៦,០៦%។ លទ្ធផលទាំងនេះសបញ្ជាក់ថា និរន្តរភាពហិរញ្ញវត្ថុ និងសុចរិតភាពសង្គម គឺជាកត្តាដែលជួយជំរុញគ្នាទៅវិញទៅមក។
    អ្វីដែលសំខាន់នោះគឺ ៩១% នៃអតិថិជនរបស់យើងខ្ញុំរស់នៅក្នុងតំបន់ជនបទ ហើយ ៨១% គឺជាស្វ័យនិយោជន៍ ឬអ្នកមានចំណូលតែមិនមានឯកសារបញ្ជាក់ច្បាស់លាស់ ហើយពួកគាត់ជារឿយៗ មិនសូវទទួលបានសេវាពេញលេញពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ ប្រហែល ៧៤% គឺជាអ្នកដែលមានផ្ទះជាលើកដំបូង។ នេះគឺជាការវាស់វែងពិតប្រាកដនៃជោគជ័យរបស់យើងខ្ញុំ។

    ការពង្រីកវិសាលភាព និងការពង្រឹងសហគមន៍ 
    ក្នុងឆ្នាំ ២០២៥ យើងខ្ញុំបានពង្រីកខ្លួនទៅកាន់ខេត្តចំនួន ៦ បន្ថែមទៀត រួមមាន៖ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលធ្វើឱ្យបណ្តាញការិយាល័យទូទាំងប្រទេសកើនដល់ ២០ សាខា។ ការពង្រីកនេះអនុញ្ញាតឱ្យយើងខ្ញុំផ្តល់ហិរញ្ញប្បទានលំនៅដ្ឋានតម្លៃសមរម្យដល់គ្រួសារដែលត្រូវការបំផុត។
    ក្រៅពីការផ្តល់ឥណទានលំនៅឋាន យើងខ្ញុំបន្តគាំទ្រដល់លក្ខខណ្ឌរស់នៅប្រកបដោយសុខភាពល្អ។ អតិថិជនប្រហែល ៥១% បានប្រើប្រាស់ឥណទានរបស់ពួកគេដើម្បីកែលម្អប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ (WASH) ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សុខភាពគ្រួសារ និងភាពធន់នឹងការប្រែប្រួលអាកាស​​ធាតុ​។
    វិធីសាស្ត្រដែលផ្ដោតលើអតិថិជនជាចម្បងរបស់យើងខ្ញុំនៅតែរឹងមាំ ដែលអាចឆ្លុះបញ្ចាំងតាមរយៈអត្រារក្សាអតិថិជនបានរហូតដល់ ៩៨% និងពិន្ទុសុច្ឆទ្ទៈអតិថិជន (NPS) កើនឡើងដល់ ៦៨.៦% ដែលនេះបង្ហាញពីទំនុកចិត្ត និងការពេញចិត្តប្រកបដោយនិរន្តរភាពក្នុងចំណោមសហគមន៍ដែលយើងខ្ញុំបម្រើ។

    អភិបាលកិច្ច សុចរិតភាព និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ 
    សុចរិតភាពនៅតែជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់យើងខ្ញុំ។ ក្នុងឆ្នាំ ២០២៥ ហ្វឺស ហ្វាយនែន បានទទួលវិញ្ញាបនបត្រកម្រិតមាសលើកិច្ចការពារអតិថិជន ជាលើកទីពីរជាប់គ្នា ដោយសម្រេចបានពិន្ទុយ៉ាងខ្ពស់រហូតដល់ ៩៩.១%។ ការទទួលស្គាល់នេះសង្កត់​ធ្ងន់លើការប្តេជ្ញាចិត្តរបស់​យើងខ្ញុំចំពោះការកំណត់តម្លៃប្រកប​​​ដោយ​យុត្តិធម៌ ការការពារការជាប់​បំណុលលើសលប់ ឯកជនភាព​​ទិន្នន័យ និងការប្រព្រឹត្តចំពោះអតិថិជនប្រកបទៅដោយក្រម​សីលធម៌។
    យើងខ្ញុំក៏បានរក្សានូវស្លាកសញ្ញាពណ៌ទឹកក្រូច (Orange Seal) ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពបន្តបន្ទាប់របស់យើងខ្ញុំលើសមភាពយេនឌ័រ និងនិរន្តរភាពបរិស្ថាន។ ការទទួលស្គាល់ទាំងនេះបញ្ជាក់ថា អភិបាលកិច្ចរឹងមាំ និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះនៃនិរន្តរភាពរយៈពេលវែងរបស់យើងខ្ញុំ។

    នវានុវត្តន៍ឌីជីថល និងចំណេះដឹងហិរញ្ញវត្ថុ 
    យើងខ្ញុំបានបន្តពង្រឹងសមត្ថភាពឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាពប្រព័ន្ធ និងបទពិសោធន៍អតិថិជន ដោយសម្រេចបាននូវស្ថិរភាពប្រព័ន្ធប្រតិបត្តិការ ៩៩.៩% និងបានភ្ជាប់ជាមួយថ្នាលរបស់​ដៃគូតាមរយៈប្រព័ន្ធ KHQR ដើម្បីផ្តល់នូវជម្រើសនៃការទូទាត់សងប្រាក់ដែលលឿន មានសុវត្ថិភាព និងកាន់តែងាយស្រួលសម្រាប់អតិថិជន។
    ក្នុងឆ្នាំ ២០២៥ យើងក៏បានពង្រឹងគំនិតផ្តួចផ្តើមពាក់ព័ន្ធចំណេះដឹងហិរញ្ញវត្ថុ ដោយប្រើប្រាស់មាតិកាជាវីដេអូដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ផ្សព្វផ្សាយនៅលើបណ្តាញឌីជីថលរបស់យើងខ្ញុំ។ តាម​រយៈវីដេអូអប់រំដែលទាក់ទាញ និងងាយយល់ យើងបានជំរុញ​ការយល់ដឹងអំពីការខ្ចីប្រាក់ប្រកបដោយការទទួលខុសត្រូវ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុគ្រួសារបានល្អ និងវិន័យហិរញ្ញវត្ថុរយៈពេលវែង។ ការ​មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រកបដោយនិរន្តរភាព ចាប់ផ្តើមពីការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនគ្រួសារទាំងនោះ នូវចំណេះដឹង និងឧបករណ៍អនុវត្តន៍ជាក់ស្តែងដែលចាំបាច់ដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ។

    ទស្សនវិស័យទៅថ្ងៃអនាគត
    មូលដ្ឋានគ្រឹះរបស់យើងខ្ញុំ គឺមានលក្ខខណៈរឹងមាំ បើទោះបីជាលក្ខខណ្ឌទីផ្សារនៅតែមានការប្រែប្រួល ហើយថ្លៃដើមហិរញ្ញប្បទានតម្រូវឱ្យមានការគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្នក៏ដោយ។ យើងខ្ញុំនឹងបន្តការពង្រីកខ្លួនប្រកបដោយវិន័យ ពង្រឹងការគ្រប់គ្រងហានិភ័យ និងការបញ្ជ្រាបបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងជំរុញនវានុវត្តន៍ឌីជីថល ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។
    សមិទ្ធផលជាផលប័ត្រឥណទាន ១០០ លានដុល្លារ មិនមែនជាទីបញ្ចាប់នោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់ផលប៉ះពាល់ដែលនឹងរីកចម្រើនកាន់តែធំ​ធេងជាងនេះ។ នៅពេលយើងខ្ញុំឆ្ពោះទៅកាន់ឆ្នាំ ២០២៦ បេសកកម្មរបស់យើង​ខ្ញុំនៅតែច្បាស់លាស់៖ គឺការកសាងស្ថិរភាពសេដ្ឋកិច្ចនៃគ្រួសារកម្ពុជា​ដែលមានចំណូលទាប តាមរយៈការពង្រីកលទ្ធភាពទទួលបាន​កម្មសិទ្ធិលើលំនៅដ្ឋានដែលមានសុវត្ថិភាព និងតម្លៃសមរម្យ។
    ក្នុងនាមគណៈគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ការណែនាំជាយុទ្ធសាស្ត្រ ចំពោះបុគ្គលិកទាំងអស់សម្រាប់ការពុះពារ និងប្រកបការងារដោវិជ្ជាជីវៈ ចំពោះដៃគូផ្តល់ហិរញ្ញប្បទានសម្រាប់ទំនុកចិត្តជាបន្តបន្ទាប់ និង​ចំពោះនិយ័តករទាំងអស់ សម្រាប់ការគ្រប់គ្រង និងផ្តល់ការ​ណែនាំ។ លើសពីនេះ ខ្ញុំសូមអរគុណដល់អតិថិជនសម្រាប់ទំនុក​ចិត្ត​ដែលបានផ្តល់ជូន ហ្វឺស ហ្វាយណាន់ ជារៀងរាល់ថ្ងៃ។
    យើងរួមគ្នា កសាងលើសពីផ្ទះសម្បែង គឺយើងកំពុងកសាងគ្រួសារឱ្យកាន់តែរឹងមាំ សហគមន៍ដែលមានភាពធន់ និងអនាគតដែលពោរពេញដោយបរិយាបន្នសម្រាប់កម្ពុជា។
    សូមទទួលការគោរពរាប់អានអំពីខ្ញុំបាទ