• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • របៀបក្នុងការគ្រប់គ្រងសំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នក ដើម្បីជួយតំហែរក្សាបរិស្ថានឲ្យបានល្អ

    របៀបក្នុងការគ្រប់គ្រងសំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នក ដើម្បីជួយតំហែរក្សាបរិស្ថានឲ្យបានល្អ

    Posted on: Jul 11, 2025

    ការទុកដាក់សំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នកឱ្យបានត្រឹមត្រូវគឺជារឿងងាយស្រួល ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរៀបចំទុកដាក់សំរាមទាំងនោះអាចប្រសិទ្ធភាពក្នុងការជួយដល់ការតំហែទាំបរិស្ថានដែរទេ។ លោកអ្នកអាចធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដែលមានបរិយាកាសល្អមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការណែនាំជាក់ស្តែងខាងក្រោមនេះ។

    ការរៀបចំ និងការបំបែកកាកសំណល់

    ចាប់ផ្តើមដោយបង្កើតវិធីបែងចែកសំរាម។ ស្រមៃថាមានធុងជីកំប៉ុសឬជីធម្មជាតិនៅក្នុងផ្ទះបាយរបស់លោកអ្នក ដែលលោកអ្នកអាចដាក់កាកសំណល់អាហារ និងសំបកបន្លែចូលទៅក្នុងធុងនោះ ដើម្បីធ្វើជាជីដាក់ដីសួនរបស់លោកអ្នកបាន។ បន្ថែមពីលើនេះមានធុងសំរាមដាច់ដោយឡែកសម្រាប់ក្រដាស កែវកញ្ចក់ ប្លាស្ទិក និងលោហធាតុ ដូច្នេះលោកអ្នកអាចចោលវត្ថុដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួលដោយយោងទៅតាមច្បាប់នៃការរៀបចំសំរាមក្នុងតំបន់របស់លោកអ្នក។ សម្រាប់វត្ថុដូចជាថ្មពិល និងសារធាតុគីមីដែលមានគ្រោះថ្នាក់ ចូរប្រមូលវត្ថុទាំងនោះដោយដាក់ដាច់ដោយឡែក ដើម្បីបោះចោលដោយសុវត្ថិភាពនៅកន្លែងដែលត្រឹមត្រូវ។ សូម្បី​តែ​សំរាម​ដែល​មិន​អាច​កែច្នៃឡើងវិញក៏​ត្រូវ​រក្សា​ទុក​ក្នុង​ធុងឲ្យបានត្រឹមត្រូវ​រហូត​ដល់លោក​អ្នក​អាចរកកន្លែង​បោះ​ចោល​បាន​។

    ការកាត់បន្ថយកាកសំណល់

    ជំហានបន្ទាប់គឺព្យាយាមកាត់បន្ថយកាកសំណល់ឲ្យកាន់តែតិចតាមដែលអាចធ្វើទៅបាន។ នៅពេលលោកអ្នកទិញទំនិញ ព្យាយាមទិញក្នុងបរិមាណច្រើន តែប្រើការវេចខ្ចប់តិច។ ហើយជំនួសឱ្យការប្រើប្រាស់របស់របរម្តងហើយបោះចោល សូមបកមកប្រើប្រាស់ថង់ ដប និងធុងដែលអាចកែច្នៃប្រើឡើងវិញបាន។ រៀបចំផែនការអាហាររបស់លោកអ្នកដោយប្រុងប្រយ័ត្ន ហើយបង្កើតគំនិតច្នៃប្រឌិតដោយប្រើ គ្រឿងទេស បន្លែ ត្រី សាច់ ដែលនៅសេសសល់មកបង្កើតជាមុខម្ហូបផ្សេងទៀត ដូច្នេះហើយលោកអ្នកនឹងមិនត្រូវបោះចោល គ្រឿងទេស បន្លែ ត្រី សាច់ដែលនៅសេសសល់ច្រើននោះទេ។

    ការប្រើប្រាស់ឡើងវិញ និងការរៀបចំទុកដាក់ឲ្យវាមានប្រយោជន៍ឡើងវិញ

    នៅក្នុងផ្ទះរបស់លោកអ្នក លោកអ្នកអាចស្វែងរកវិធីថ្មីដើម្បីប្រើប្រាស់នូវរបស់របរសម្ភារចាស់ៗ។ ក្រឡកែវអាចក្លាយជាក្រឡដ៏ស្រស់ស្អាតសម្រាប់ផ្ទុករបស់របរបាន។ សំលៀកបំពាក់ និងគ្រឿងសង្ហារិមដែលនៅមានសភាពល្អ គួរបរិច្ចាគទៅមនុស្សដែលត្រូវការវា ដូច្នេះពួកគេអាចបន្តប្រើប្រាស់វាបានដោយមិនបាច់បោះវាចោល។

    ធ្វើជាជីធម្មជាតិ

    សាកស្រមៃថាមានធុងតូចមួយនៅក្នុងផ្ទះបាយរបស់លោកអ្នក ទុកសម្រាប់ប្រមូលកាកសំណល់អាហារ និងកាកសំណល់សរីរាង្គផ្សេងទៀត។ បន្ទាប់​មកលោក​អ្នក​អាច​យក​កាកសំណល់ទាំងនោះ​ទៅ​ដាក់​ក្នុង​គំនរ​ជីកំប៉ុសឬជីធម្មជាតិ​ក្នុង​សួន​របស់លោក​អ្នកបាន។ ជីកំប៉ុសនឹងប្រែទៅជាដីដែលមានសុខភាពល្អ ដែលអាចប្រើដើម្បីជួយឲ្យរុក្ខជាតិរបស់លោកអ្នកលូតលាស់បានយ៉ាងល្អ។ នេះក៏បានជួយកាត់បន្ថយបរិមាណកាកសំណល់ដែលនាំចូលទៅកន្លែងចាក់សំរាមផងដែរ។

    ការអប់រំ និងការចូលរួមពីសមាជិកគ្រួសារ

    រៀនអំពីការរៀបចំកាកសំណល់ដោយធ្វើវាឲ្យទៅជាសកម្មភាពទូទៅសម្រាប់សមាជិកគ្រួសារអនុវត្ត។ បង្រៀនមនុស្សជាទីស្រលាញ់របស់លោកអ្នក រួមទាំងកូនៗពីរបៀបរៀបចំកាកសំណល់តាមប្រភេទផ្សេងៗឱ្យបានត្រឹមត្រូវ។ ប្រែក្លាយវាទៅជារឿងសប្បាយ និងជាការអប់រំជាលក្ខណៈគ្រួសារ។ តាមរយៈការធ្វើបែបនេះ លោកអ្នកនឹងបង្កើតបានជាទម្លាប់ល្អ ដែលជួយគ្រួសារលោកអ្នកឲ្យរស់នៅក្នុងបរិស្ថានដែលមានផាសុខភាពមួយ។

    តែងតែជ្រាបពីពត៌មានផ្សេងៗ និងមានការចូលរួម

    រឿងចុងក្រោយគឺតែងតែចង់ដឹងឮលើកម្មវិធីកែឆ្នៃសំណល់ផ្សេងៗក្នុងតំបន់របស់លោកអ្នក និងគម្រោងក្នុងសហគមន៍ជាដើម។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍សម្អាតដែលបានបង្កើតក្នុងតំបន់លោកអ្នក លោកអ្នកក៏អាចមានអារម្មណ៍ថាមានទំនាក់ទំនងល្អជាមួយមនុស្សក្នុងសហគមន៍របស់លោកអ្នក រួមទាំងបានធ្វើឱ្យមានការផ្លាស់ប្តូរល្អមួយក្នុងការជួយដល់បរិស្ថានក្នុងសហគមន៍ផងដែរ។

    ប្រសិនបើលោកអ្នកចាប់ផ្តើមធ្វើរឿងទាំងនេះ លោកអ្នកនឹងមិនគ្រាន់តែជួយដល់បរិស្ថានប៉ុណ្ណោះនោះទេ តែលោកអ្នកក៏បានជំរុញមនុស្សផ្សេងទៀតឲ្យចូលរួមជាមួយលោកអ្នកក្នុងការធ្វើឲ្យពិភពលោកមួយនេះកាន់តែមានភាពស្រស់ស្អាត និងមានតែពណ៌បៃតង។ ចូរចាប់ផ្តើមធ្វើវានៅថ្ងៃនេះ ហើយរាល់រឿងតូចៗដែលលោកអ្នកនឹងធ្វើប្រាកដណាស់អាចធ្វើឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកបរិស្ថានដែលស្អាតល្អនាពេលអនាគតជាក់ជាមិនខាន។

    ចែករំលែកទៅកាន់: