ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រកម្រិតមាស ស្តីពីកិច្ចការពារអតិថិជន ២ អាណត្តិជាប់ៗគ្នា
ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានសេចក្តីសោមនស្សរីករាយ សូមជូនជាដំណឹង ស្តីពីការទទួលបានវិញ្ញាបនបត្រកម្រិតមាស ក្នុងការអនុវត្តន៍កិច្ចការពារអតិថិជន សម្រាប់អាណត្តិទីពីរ ដោយទទួលបានពិន្ទុដ៏ល្អប្រសើររហូតដល់ ៩៩,១%។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គ្រឹះស្ថានចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌ តម្លាភាព និងផ្តោតលើអតិថិជនជាចម្បង។
វិញ្ញាបនបត្រនេះត្រូវបានផ្តល់ដោយ M-CRIL ដែលជាអ្នកវាយតម្លៃឯករាជ្យទទួលស្គាល់ជាអន្តរជាតិ បន្ទាប់ពីមានការវាយតម្លៃយ៉ាងម៉ត់ចត់លើការអនុលោមតាមស្តង់ដារការពារអតិថិជនដែលទទួលស្គាល់ជាសកលរបស់ ហ្វឺស ហ្វាយនែន។ បទដ្ឋានទាំងនេះរួមបញ្ចូលគោលការណ៍ជាច្រើន រួមមានការទប់ស្កាត់បំណុលហួសកម្រិត ការកំណត់តម្លៃសមរម្យ និងមានតម្លាភាព ការបង្កើតផលិតផលប្រកបដោយការទទួលខុសត្រូវ ការការពារភាពឯកជននៃទិន្នន័យ យន្តការដោះស្រាយបណ្តឹងប្រកបដោយប្រសិទ្ធភាព និងការប្រព្រឹត្តិតាមក្រមសីលធម៌របស់បុគ្គលិក។
លោក សាយ សូនី ជានាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចការនិរន្តរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានថ្លែងថា "ការទទួលបានវិញ្ញាបនបត្រកម្រិតមាសស្តីពីការការពារអតិថិជនសម្រាប់អាណត្តិទីពីរ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងខ្ញុំ ចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ វាឆ្លុះបញ្ចាំងពីការជឿទុកចិត្តដែលអតិថិជនបានផ្តល់ឱ្យយើងខ្ញុំ និងការបន្តប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការដាក់សុខុមាលភាពរបស់អតិថិជនជាចំណុចស្នូលនៃអ្វីគ្រប់យ៉ាងដែលយើងខ្ញុំធ្វើ"។
ដំណើរការវាយតម្លៃបានរួមបញ្ចូលការពិនិត្យយ៉ាងទូលំទូលាយលើគោលនយោបាយផ្ទៃក្នុង នីតិវិធីប្រតិបត្តិការ និងការអនុវត្តជាក់ស្តែងរបស់ ហ្វឺស ហ្វាយនែន។ នេះរួមបញ្ចូលទាំងការសម្ភាសន៍ជាមួយបុគ្គលិក និងអតិថិជន ដើម្បីធានាថាគោលការណ៍ការពារអតិថិជនត្រូវបានចាក់ឫសយ៉ាងពេញលេញនៅគ្រប់កម្រិតនៃស្ថាប័ន។
វិញ្ញាបនបត្រកម្រិតមាសតំណាងឱ្យស្តង់ដារអនុលោមភាពខ្ពស់បំផុត និងបង្ហាញពីវប្បធម៌ស្ថាប័នដែលចាក់ជ្រៅក្នុងការផ្តល់អាទិភាពដល់សុខុមាលភាព តម្លាភាព និងគណនេយ្យភាពរបស់អតិថិជន។
ជាមួយនឹងសមិទ្ធិផលដ៏ថ្លៃថ្លានេះ ហ្វឺស ហ្វាយនែន បាននឹងកំពុងពង្រឹងជំហររបស់ខ្លួនជាអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ដោយបង្កើតស្តង់ដារឧត្តមភាពក្នុងការការពារអតិថិជននៅទូទាំងតំបន់។
