• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • វិធីជួយកូនៗឱ្យចេះរៀបចំទុកដាក់សំរាមក្នុងផ្ទះបានល្អ

    វិធីជួយកូនៗឱ្យចេះរៀបចំទុកដាក់សំរាមក្នុងផ្ទះបានល្អ

    Posted on: Jul 11, 2025

    ការធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយទៅជាកន្លែងដែលមិនមានផលប៉ះពាល់ដល់បរិស្ថានតាមរយៈការចោលសំរាមបានត្រឹមត្រូវ អាចជាដំណើរការនៃសកម្មភាពដ៏រីករាយសម្រាប់កូនៗរបស់លោកអ្នកផងដែរ។ នេះជារបៀបដែលលោកអ្នកអាចរៀបចំសំរាមតាមផ្នែកប្រកបដោយភាពទាក់ទាញ និងមានការអប់រំ ៖

    មានធុងសំរាមដែលមានពណ៌តំណាង

    សាកស្រមៃមើលថាមានធុងសំរាមពណ៌ផ្សេងគ្នាតម្រៀបជាជួរនៅក្នុងផ្ទះរបស់លោកអ្នក។ ធុងពណ៌បៃតង​ មានរូបភាពផ្លែឈើ និងបន្លែនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់សរីរាង្គ ដូចជាសំណល់អាហារ និងកាកកម្ទេចស្លឹកឈើដែលបានកាត់ចេញពីដើមឈើក្នុងទីធ្លាសួនច្បាររបស់លោកអ្នក។ ធុងសំរាមពណ៌លឿង មាននិមិត្តសញ្ញាកែច្នៃសំរាមឡើងវិញនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់វត្ថុមួយចំនួនដូចជា ក្រដាស ផ្លាស្ទិច កញ្ចក់ និងដែកដែលអាចយកទៅកែច្នៃឡើងវិញបាន ។ ធុងសំរាមពណ៌ក្រហម មាននិមិត្តសញ្ញាហានិភ័យនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់គ្រោះថ្នាក់ដូចជាថ្មពិល និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។ ធុងសំរាមពណ៌ខៀវ មាននិមិត្តសញ្ញាសំរាមនៅលើវា។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់ទូទៅដែលមិនអាចកែច្នៃឡើងវិញបាន។

    បិទស្លាកជាមួយរូបតំណាង

    ធុងសំរាមមានស្លាកតំណាងច្បាស់លាស់ជាមួយរូបភាព និងពាក្យដែលងាយយល់ ។ នោះធ្វើឱ្យវាមានភាពសាមញ្ញងាយយល់សម្រាប់កូនៗ ក្នុងការដឹងថាធុងសំរាមមួយណាដែលត្រូវដាក់ធាតុណាមួយចូលតាមរូបតំណាងនោះ ។ ការណែនាំដែលមើលឃើញជាងក់ស្តែងតាមរូបភាពតំណាងដែលបានបិទអាចជួយកុមារឱ្យងាយក្នុងការរៀន និងចងចាំពីរបៀបចាត់ចែងកាកសំណល់របស់ពួកគេបានត្រឹមត្រូវ។

    មានទីតាំងដាក់ធុងសំរាមដែលងាយក្នុងការចោលសំរាម

    ដាក់ធុងសំរាមនៅកន្លែងដែលកូនៗចូលចិត្តទៅជាញឹកញាប់ ដូចជាផ្ទះបាយ ឬទីធ្លាលេងកម្សាន្ត ហើយត្រូវប្រាកដថាធុងសំរាមស្ថិតនៅកម្ពស់មួយដែលសមល្មមងាយស្រួលសម្រាប់កូនៗចោលសំរាមចូលបាន ។ នេះនឹងធ្វើឱ្យកូនៗចូលរួមចោលសំរាម និងបែងចែកសំរាម ដោយប្រែក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។

    មានកូនធុងសំរាមតូចៗសម្រាប់បង្ហាញកូនៗ

    យកធុងសំរាមតូចៗសម្រាប់កូនៗលេង។ ធុងសំរាមតូចទាំងនោះអនុញ្ញាតឱ្យកូនៗលេងជាគ្រឿងបែងចែកសំរាម ដែលជួយឱ្យពួកគេបានរៀនពីរបៀបបែងចែកសំរាមយ៉ាងមានភាពរីករាយ និងជាការអនុវត្តន៍ដ៏ល្អមួយផងដែរ។

    មានទីតាំងបែងចែកសំរាមសម្រាប់កូនៗអនុវត្ត

    រៀបចំទីតាំងល្អមួយជាមួយជួរធុងសំរាម និងសំរាមជាតំណាងមួយចំនួនផ្សេងទៀត។ កុមារអាចអនុវត្តការបែងចែកសំរាមចោលចូលទៅក្នុងធុងសំរាមទៅតាមសញ្ញាលើធុងសំរាមដែលបានកំណត់ត្រឹមត្រូវ ។ វាអនុញ្ញាតឱ្យពួកគេរៀនបានដោយមានការអនុវត្តផ្ទាល់ និងធ្វើឱ្យដំណើរការនៃការបែងចែកសំរាមហាក់បីដូចជាល្បែងលេងកម្សាន្តមួយប្រភេទដែរ។

    ការ​មាន​ធុង​សំរាមដោយបែងចែកចេញជាមុខងារខុសៗ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់លោក​អ្នក​គឺ​ជា​រឿង​សំខាន់ តែវាមិន​មែន​ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​ឡើយ។ សំណល់អាហារ និងសំណល់ពីផ្ទះបាយ ច្រើនតែលាយឡំជាមួយសំរាមផ្សេងៗទៀត ដែលធ្វើឱ្យវត្ថុមានប្រយោជន៍ទៅជាមិនអាចប្រើប្រាស់បាន។ នោះហើយជាមូលហេតុដែលផ្ទះបាយត្រូវការធុងសំរាមច្រើនជាងមួយ អ្វីដែលគួរមានគឺមានធុងមួយសម្រាប់កាកសំណល់អាហារ មួយសម្រាប់វត្ថុដែលអាចកែច្នៃឡើងវិញបានដូចជាផ្លាស្ទិចជាដើម និងមួយទៀតសម្រាប់សំរាមទូទៅដែលមិនអាចកែច្នៃប្រើឡើងវិញបាន។

    សួនច្បារក៏ត្រូវការធុងសំរាមយ៉ាងតិចពីរផងដែរ មួយសម្រាប់ស្លឹក និងមែក និងមួយទៀតសម្រាប់សំរាមទូទៅ។ ស្លឹក និងមែកអាចប្រែទៅជាជីកំប៉ុសដើម្បីជួយឱ្យរុក្ខជាតិលូតលាស់បានយ៉ាងល្អ។

    ការមានធុងសំរាមគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។  អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​ប្រើ​វា​ឱ្យ​បាន​ត្រឹមត្រូវ និង​ឆែកថាសំរាមត្រូវបានដាក់ទៅតាម​ធុង​សំរាមដែលបានបែងចែកឬទេ ​ហើយគួរឆែកឱ្យបាន​ទៀងទាត់។ មនុស្សពេញវ័យត្រូវតែបង្រៀនក្មេងៗឱ្យចេះចោលសម្រាមត្រូវទៅតាមធុងដែលបានកំណត់ដូចគ្នា ដូច្នេះវានឹងក្លាយជាទម្លាប់មួយដ៏ល្អ។

    ការថែរក្សាបរិស្ថានមានសារៈសំខាន់ណាស់។ ការយល់អំពីប្រភេទសំរាមផ្សេងៗ និងការបែងចែកវាបានត្រឹមត្រូវ គឺជាជំហានដំបូងដ៏ល្អឆ្ពោះទៅកាន់ពិភពលោកដ៏ស្រស់ស្អាត និងបរិយាកាសដែលផ្តល់នូវផាសុខភាពល្អ។ ប្រសិនបើយើងទាំងអស់គ្នាចូលរួមធ្វើ ផ្ទះរបស់យើង និងប្រទេសរបស់យើងនឹងក្លាយជាកន្លែងដែលអាចរស់នៅកាន់តែប្រសើរឡើង។ តោះចាប់ផ្តើមបែងចែកសំរាមចាប់ពីថ្ងៃនេះតទៅ ដើម្បីថែរក្សាផែនដីរបស់ពួកយើងទាំងអស់គ្នា!

    ការរៀបចំផ្ទះរបស់លោកអ្នកតាមរបៀបនេះមិនត្រឹមតែបង្រៀនកូនៗអំពីការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវាក្លាយជាសកម្មភាពដ៏រីករាយ និងអាចមានជាការផ្តល់នូវរង្វាន់សម្រាប់ពួកគេផងដែរនៅពេលដែលពួកគេបានចោលសំរាមត្រូវទៅតាមធុង ។ ប្រព័ន្ធអប់រំបែបនេះអាចជួយឱ្យកុមារបង្កើតបានជាទម្លាប់ល្អមួយ ដែលធ្វើឱ្យបរិស្ថានជុំវិញរបស់ពួកគេមានសភាពស្រស់បំព្រងពេញមួយជីវិត។

    ចែករំលែកទៅកាន់: