• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន ឈានមុខលើការអនុវត្ត ស្តង់ដារក្រមសីលធម៌ ដោយទទួលបានពិន្ទុខ្ពស់ក្នុងការវាយតម្លៃ

    ហ្វឺស ហ្វាយនែន ឈានមុខលើការអនុវត្ត ស្តង់ដារក្រមសីលធម៌ ដោយទទួលបានពិន្ទុខ្ពស់ក្នុងការវាយតម្លៃ

    Posted on: May 21, 2025

    ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បន្តបង្ហាញពីភាពនាំមុខក្នុងវិស័យហិរញ្ញវត្ថុដែលប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវនៅកម្ពុជា។ គ្រឹះស្ថានសម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយទៀត តាមរយៈការទទួលបាននូវលទ្ធផលល្អប្រសើរក្នុងការវាយតម្លៃលើក្រមប្រតិបត្តិជាលើកដំបូង ដោយទទួលបានពិន្ទុខ្ពស់រហូតដល់ ៩៩,២%។ សមិទ្ធផលនេះបានធ្វើឱ្យ ហ្វឺស ហ្វាយនែន ក្លាយជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានដំបូងគេដែលចូលរួមក្នុងកម្មវិធីវាយតម្លៃដ៏សំខាន់នេះ ដែលត្រូវបានគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC), សមាគមធនាគារនៅកម្ពុជា (ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង Cerise+SPTF។
    ការវាយតម្លៃដ៏ទូលំទូលាយនៃក្រមប្រតិបត្តិ ដែលធ្វើឡើងដោយស្ថាប័នឯករាជ្យដែលទទួលស្គាល់ជាសកល [M-Cril] ត្រូវបានអនុវត្តឡើងយ៉ាងម៉ត់ចត់ ធៀបនឹងស្តង់ដារតឹងរ៉ឹង ដែលស្តង់ដានោះត្រូវបានកែសម្រួលជាពិសេសសម្រាប់ប្រទេសកម្ពុជា។ ស្តង់ដារទាំងនេះមានសារៈសំខាន់សម្រាប់ការធានានូវការកំណត់តម្លៃដោយយុត្តិធម៌ និងតម្លាភាព ការលើកកម្ពស់ការបង្កើត និងការផ្តល់សេវាប្រកបដោយទំនួលខុសត្រូវ ការការពារភាពឯកជននៃទិន្នន័យអតិថិជន ការដោះស្រាយបណ្តឹងប្រកបដោយប្រសិទ្ធភាព ការធានាបាននូវការដោះស្រាយជាមួយអតិថិជនប្រកបដោយក្រមសីលធម៌ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់បុគ្គលិក ជាដើម ។
    សមិទ្ធផលក្នុងការវាយតម្លៃក្រមប្រតិបត្តិនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ហ្វឺស ហ្វាយនែន ចំពោះស្តង់ដារសីលធម៌ខ្ពស់បំផុត និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ ការទទួលបានពិន្ទុល្អប្រសើរក្នុងការវាយតម្លៃដំបូងនេះ បានពង្រឹងបន្ថែមទៀតនូវភាពជាអ្នកដឹកនាំរបស់ ហ្វឺស ហ្វាយនែន ក្នុងផ្នែកប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូលក្នុងប្រទេសកម្ពុជា។
    បន្ថែមលើសមិទ្ធផលដ៏សំខាន់នេះ ហ្វឺស ហ្វាយនែន ក៏បានទទួលវិញ្ញាបនបត្រកម្រិតមាសស្តីពីកិច្ចការពារអតិថិជនអាណត្តិទីពីរជាប់ៗគ្នា ដោយទទួលបានពិន្ទុដ៏ល្អឥតខ្ចោះ ៩៩,១%។ ការទទួលស្គាល់ជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមិនរង្គោះរង្គើរបស់គ្រឹះស្ថានចំពោះការប្រព្រិត្តជាមួយអតិថិជនប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវ ដែលជាការទទួលស្គាល់ខ្ពស់បំផុតនៅក្នុងវិស័យនេះ។
    លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកិច្ចការនិរន្តរភាពនៃ ហ្វឺស ហ្វាយនែន បានថ្លែងថា “យើងមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានដំបូងគេដែលបានចូលរួម និងទទួលបានលទ្ធផលវិជ្ជមានបែបនេះក្នុងការវាយតម្លៃក្រមប្រតិបត្តិ។ ការគាំទ្រយ៉ាងខ្លាំងពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង Cerise+SPTF បង្ហាញពីសារៈសំខាន់នៃក្រមសីលធម៌នៅក្នុងវិស័យទាំងមូល ។ សមិទ្ធផលនេះ រួមជាមួយវិញ្ញាបនបត្រកម្រិតមាសស្តីពីកិច្ចការពារអតិថិជននៅក្នុងអាណត្តិថ្មីនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់យើងចំពោះការការពារសុខុមាលភាពរបស់អតិថិជនរបស់យើង និងការរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃភាពស្មោះត្រង់ក្នុងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់យើង។”
    សមិទ្ធផលទាំងពីរនេះ (ពិន្ទុល្អក្នុងការវាយតម្លៃក្រមប្រតិបត្តិ និងការទទួលបានវិញ្ញាបនបត្រកម្រិតមាស លើកិច្ចការពារអតិថិជនក្នុងអាណត្តថ្មី) បានធ្វើឱ្យ ហ្វឺស ហ្វាយនែន ក្លាយជាស្តង់ដារគម្រូដ៏រឹងមាំមួយ សម្រាប់វិស័យហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌ និងមានទំនួលខុសត្រូវនៅកម្ពុជា ដោយកំណត់នូវស្តង់ដារខ្ពស់មួយ ដែលមានទាំងការប្រព្រឹត្តក្រមសីលធម៌របស់គ្រឹះស្ថាន និងកិច្ចការពារអតិថិជន ។

    ចែករំលែកទៅកាន់: